ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី២៥ ឧសភា មានជំនួបពិភាក្សាភាពជាដៃគូ និងបង្ហាញគោលជំហរជួយអភិវឌ្ឍហេដ្ឋារចនាសម័ន្ធគាំទ្រដល់វិស័យទេសចរណ៍ និងវិស័យទេសចរណ៍កម្ពុជាឱ្យប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ទស្សនៈកម្រិតថ្នាក់រដ្ឋមន្រ្តីជាមួយគណៈប្រតិភូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំលោកស្រី LISA WRIGHT នាយកប្រតិបត្តិប្រចាំតំបន់អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដោយមានការចូលរួមពីលោក លោកស្រីរដ្ឋមន្រ្តីក្រសួងនានា។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះភាពជាដៃគូជាពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយនឹងក្រសួងទេសចរណ៍កន្លងមកដែលបានសម្រេចដោយជោគជ័យនូវគម្រោងអភិវឌ្ឍដ៏មានសារៈសំខាន់ជាច្រើន សម្រាប់បម្រើវិស័យអេកូទេសចរណ៍ ការបង្កើតការងារ និងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្នភាព ជាក់ស្តែងគឺកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត ដែលត្រូវបានបើកសម្តោធដាក់ឱ្យប្រើប្រាស់ដោយសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏បានទទួលនូវគម្រោងអភិវឌ្ឍន៍ថ្មីបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើគម្រោងជួយវិស័យទេសចរណ៍ពិសេសៗ និងក្នុងទំហំទឹកប្រាក់ដ៏ច្រើន ដែលនឹងជួយស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យទេសចរណ៍ក្នុងខេត្តសំខាន់ៗ ដែលជាគោលដៅទេសចរណ៍ សម្រាប់ជួយជំរុញជីវភាព និងបង្កើតការងារនៅនឹងកន្លែង និងការអភិរក្សតំបន់បន្ថែមទៀត៕