ប៉េកាំង៖ លោកស្រី Li Jiaying មន្ត្រីប៉ូលិសហុងកុងវ័យ ៤៣ ឆ្នាំ និង ជាអ្នកម្តាយមានកូន ៣ នាក់ បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ក្លាយជាអវកាសយានិកដំបូងបង្អស់ មកពីទីក្រុងហុងកុង ដើម្បីធ្វើដំណើរទៅកាន់លំហអាកាស ក្នុងបេសកកម្ម Shenzhou-23 របស់ប្រទេសចិន។
លោកស្រី Li Jiaying បានបំពេញតួនាទីជា អ្នកវិទ្យាសាស្ត្រផ្នែកបន្ទុក (Payload Scientist) នៅក្នុងចំណោមក្រុមនាវិកទាំង ៣ រូប ដែលបានបង្ហោះចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ជិវឈាន (Jiuquan) ស្ថិតក្នុងវាលខ្សាច់ Gobi ឆ្ពោះទៅកាន់ស្ថានីយអវកាស ធៀនកុង (Tiangong)។ ការចូលរួមរបស់លោកស្រី ត្រូវបានប្រមុខរដ្ឋបាលហុងកុង ប្រសិទ្ធនាមថាជា «ពេលវេលាប្រវត្តិសាស្ត្រ» ខណៈក្រុមអ្នកវិភាគយល់ឃើញថា សាច់រឿងជោគជ័យរបស់លោកស្រី Li នឹងក្លាយជាការជម្រុញស្មារតីស្នេហាជាតិ មោទនភាពជាតិ ក្នុងចំណោមប្រជាជនហុងកុង ជាពិសេស ស្រទាប់យុវជន។
មុនពេលឈានជើងចូលក្នុងកន្សោមអវកាស លោកស្រី Li Jiaying បានថ្លែងប្រកបដោយក្តីមោទនភាព ថា «កប៉ាល់អវកាសចិនរបស់យើងហោះហើរបានខ្ពស់កម្រិតណា នោះពួកយើងអាចងើបក្បាលឱ្យខ្ពស់បានកម្រិតនោះដែរ»។
ក្នុងបេសកកម្មរយៈពេលវែងនេះ លោកស្រី Li នឹងត្រូវរួមចំណែកក្នុងការពិសោធន៍វិទ្យាសាស្ត្រសំខាន់ៗ ដូចជាការសិក្សាពីផលប៉ះពាល់នៃទំនាញខ្សោយ (Microgravity) លើរាងកាយមនុស្ស ជាផ្នែកមួយនៃមហិច្ឆតាដ៏ធំរបស់ចិន ក្នុងការបញ្ជូនមនុស្សទៅជាន់ផ្ទៃព្រះច័ន្ទឱ្យបានមុនឆ្នាំ២០៣០៕