681 ezgif.com resize
Swift cc time

រដ្ឋាភិបាលស្វីស បញ្ជាក់ជំហរបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋាភិបាលស្វីសតាមរយៈឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំកម្ពុជា បានគូសបញ្ជាក់អំពីការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលស្វីស ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។ ការបញ្ជាក់នេះត្រូវបានលើកឡើងក្នុងជំនួបជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

នាជំនួបឱកាសបញ្ចប់អាណត្តិរបស់ខ្លួន លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំកម្ពុជា បានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា និងមានមោទនភាព ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់អំពីការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលស្វីស ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ឯកអគ្គរដ្ឋទូតនៅកម្ពុជាកន្លងមក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា។

សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការពង្រឹងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាជន ជាអាទិភាពដ៏សំខាន់ និង ចាំបាច់របស់កម្ពុជា ហើយបានបញ្ជាក់ថា កម្ពុជានិងស្វីស នៅមានសក្តានុពលជាច្រើនទៀតនៅក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនេះ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច, វិនិយោគ, ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ៕


Khcct banner

អត្ថបទទាក់ទង