ភ្នំពេញ៖ គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ«ដីឥដ្ឋ-ថ្មគរ» សម្រេចបាន ៥០,៨ភាគរយហើយ។ គម្រោងនេះសាងសង់រយៈពេល៤៨ខែ ហើយគ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៨។
ស្ពានឆ្លងកាត់ទន្លេមេគង្គ«ដីឥដ្ឋ-ថ្មគរ» បើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ស្ពាននេះមានទីតាំងត្រើយខាងលិចនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ដែលជាគម្រោងដ៏សំខាន់តភ្ជាប់សេដ្ឋកិច្ច សង្គម ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១,ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ស្ពានដីឥដ្ឋ-ថ្មគរ ស្ថាបនាជាប្រភេទបេតុងប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣៧០០ម៉ែត្រ ។ ក្នុងនោះតួស្ពានមានប្រវែងសរុប ១៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែង ២ ១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ចំនួន៤ខ្សែ៕