ភ្នំពេញ៖ វិទ្យាស្ថានកម្ពុជា និងចិនចំនួនបី នាថ្ងៃទី២៥ ឧសភា បានចុះហត្ថលេខាពង្រីកកិច្ចសហប្រតិបត្តិការ TVET ដើម្បីអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស ធនធានមនុស្ស និងជំនាញដែលឆ្លើយតបនឹងតម្រូវការរបស់កម្ពុជា។
នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានជួបពិភាក្សាការងារជាមួយលោក ឆិន ស៊ាងរ៉ូ (CHEN XIANGRU) លេខាធិការគណៈកម្មាធិការបក្សនៃវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈដឹកជញ្ជូនក្វាងស៊ី (GTVTC) ព្រមទាំងជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា រវាងវិទ្យាស្ថាន GTVTC វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានបច្ចេកវិទ្យាប្រាសិទ្ធ (PIT)។
លោករដ្ឋមន្ត្រីបានសម្តែងនូវការពេញចិត្តនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រីកកិច្ចសហប្រតិបត្តិការនេះ ព្រោះថាគំនិតផ្តួចផ្តើមនេះគឺពិតជាចំពេលនិងអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែង ជាពិសេស NEV ឬរថយន្តដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ។ ការកើនឡើងនៃការប្រើប្រាស់ប្រភេទរថយន្តនេះនៅកម្ពុជា គឺពិតជាទាមទារឱ្យមានតម្រូវការនៃការបណ្តុះបណ្តាលជំនាញថែទាំ និងជួសជុលបន្ថែមទៀត ដោយលោករដ្ឋមន្រ្តីបានជំរុញឱ្យមានការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងឱ្យបានឆាប់ ជាពិសេសគឺការបណ្តុះបណ្តាលគ្រូជាច្រើននាក់ឱ្យឈានដល់កម្រិតអនុបណ្ឌិតលើផ្នែក NEV ។
ជាការឆ្លើយតប លោក ឆិន ស៊ាងរ៉ូ បានបញ្ជាក់ពីក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចពិភាក្សា និងការផ្តល់យោបល់នេះគឺជាឱកាសនៃការចែករំលែកបទពិសោធលើការងារគ្រប់គ្រងសាលា និងធនធានប្រកបដោយប្រសិទ្ធភាព ជាពិសេសលើគម្រោងបង្កើតមជ្ឈមណ្ឌលរួមគ្នាមួយ នាពេលអនាគតដើម្បីអភិវឌ្ឍផ្នែក NEV នៅកម្ពុជា ដោយលោកប្តេជ្ញាចិត្តថានឹងជំរុញការអនុវត្តការបណ្តុះបណ្តាលឱ្យបានលឿនបំផុត។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២មក វិទ្យាស្ថាន GTVTC បានបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបចំនួន ៣៦រូប ហើយបច្ចុប្បន្ននេះ និស្សិតកម្ពុជាកំពុងបន្តការសិក្សាមាន ២៦រូបលើជំនាញ បច្ចេកវិទ្យា NEV, បច្ចេកវិទ្យាវាស់វែង និងគូរផែនទីដោយដ្រូន (UAV MAPPING TECHNOLOGY) ព្រមទាំងបច្ចេកវិទ្យាវិស្វកម្មសំណង់ឆ្លាតវៃជាដើម៕