681 ezgif.com resize
Swift cc time

ក្រសួងប្រៃសណីយ៍ ប្រកាសរើសយុវជនចូលរួមកម្មវិធីប្រកួតថ្នាក់ជាតិ «ផ្នែកសន្តិសុខសាយប័រ»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ ប្រកាសរើសសិស្សនិស្សិត ចូលរួមកម្មវិធីប្រកួតថ្នាក់ជាតិ «ផ្នែកសន្តិសុខសាយប័រ»  ក្នុងគោលបំណងចូលរួមលើកកម្ពស់ និងពង្រឹងសមត្ថភាព ចំណេះដឹង និងមូលធនឌីជីថល ក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា និងក្នុងតំបន់។

កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ គឺជាកម្មវិធីប្រកួតប្រជែងលក្ខណៈជាក្រុមដែលមានទម្រង់ Jeopardy ដោយតម្រូវឱ្យក្រុមនីមួយៗ ចូលរួមដោះស្រាយបញ្ហាសន្តិសុខ (Security Challenges) ទៅលើដែនដូចជា វិស្វកម្មបញ្ច្រាស (Reverse Engineering) គ្រីបតូក្រាហ្វ៉ី (Cryptography) សន្តិសុខគេហទំព័រ (Web Security) កោសល្យវិច័យ (Forensics) ឬការកេងប្រវ័ញ្ចកម្មវិធីប្រព័ន្ធគោលពីរ (Binary Exploitation) ជាដើម ដោយស្វែងរកបំណែកនៃព័ត៌មានហៅថា “Flag” ដែលលាក់នៅក្នុងលំហាត់នីមួយៗ។

ដើម្បីអាចដាក់ពាក្យបាន យុវជនត្រូវមានសញ្ជាតិខ្មែរ (ស្ត្រីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ) ដែលត្រូវចូលរួមប្រកួតជាក្រុមដោយមានសមាជិកចំនួន ២-៤នាក់/ក្រុម។ បេក្ខជនត្រូវបំពេញព័ត៌មាន និងទម្រង់បែបបទចូលរួមប្រកួតឱ្យបានត្រឹមត្រូវនិងពេញលេញ ព្រមទាំងត្រូវគោរព និងអនុវត្តតាមលក្ខខណ្ឌនៃការប្រកួត។

ការប្រកួតត្រូវបានបែកចែកចេញជា ២វគ្គគឺ “ការប្រកួតសាយប័រអារីណា ២០២៦ (Cyber Arena 2026)” និង “ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦”។ សម្រាប់វគ្គទី១ “ការប្រកួតសាយប័រអារីណា ២០២៦ (Cyber Arena 2026)” ក.ប.ទ. នឹងជ្រើសរើសក្រុមឆ្នើមចំនួន ៣ក្រុម ដោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដូចខាងក្រោម៖

- ក្រុមជ័យលាភីលេខ ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.០០០(មួយពាន់) ដុល្លារអាម៉េរិកគត់

- ក្រុមជ័យលាភីលេខ ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៧០០ (ប្រាំពីររយ) ដុល្លារអាម៉េរិកគត់

- ក្រុមជ័យលាភីលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០ (ប្រាំរយ) ដុល្លារអាម៉េរិកគត់

- ក្រុមដែលមានពិន្ទុខ្ពស់ចំនួន ៣០ក្រុម នឹងត្រូវបានជ្រើសរើសទៅចូលរួមការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៦។ គួរបញ្ជាក់ថា ក្រុមចំនួន ៣០ ដែលបានជាប់ក្នុងការប្រកួតវគ្គទី១ ត្រូវប្រកួតបន្តក្នុងវគ្គទី២ “ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។

ចំពោះវគ្គទី២ “ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៦” ក.ប.ទ. នឹងជ្រើសរើសក្រុមឆ្នើមចំនួន ៣ក្រុម ដោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖

- ក្រុមជ័យលាភីលេខ ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២.០០០ (ពីរពាន់) ដុល្លារអាម៉េរិកគត់

- ក្រុមជ័យលាភីលេខ ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ (មួយពាន់) ដុល្លារអាម៉េរិកគត់

- ក្រុមជ័យលាភីលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០ (ប្រាំរយ) ដុល្លារអាម៉េរិកគត់

- ក្រុមឆ្នើមចំនួន ៥ក្រុម នឹងទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៨សប្តាហ៍ និងឱកាសចូលរួមការប្រកួតប្រជែងថ្នាក់តំបន់។

ក្រុមនីមួយៗ ត្រូវដាក់ពាក្យចូលរួមការប្រកួតប្រជែងតាមរយៈ https://go.gov.kh/mptc/cncc2026  ឱ្យបានត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦​ វេលាម៉ោង ២៣:៥៩ នាទី។ ក្រុមនីមួយៗ ត្រូវចូលរួមប្រកួតក្នុងវគ្គទី១ “ការប្រកួតសាយប័រអារីណា២០២៦ (Cyber Arena 2026)” តាមប្រព័ន្ធអនឡាញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរសព្ទ៖ ០១៥ ៥២០ ៧០៧ (តេឡេក្រាម)៕

Khcct banner

អត្ថបទទាក់ទង