ភ្នំពេញ៖ ភ្លើងស្តុបថ្មីចំនួន២៤ទីតាំង នឹងត្រូវដាក់ពង្រាយតាមបណ្តោយផ្លូវជាតិលេខ៥(កំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង និងបន្ទាយមានជ័យ) ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
ភ្លើងស្តុបថ្មីចំនួន២៤ទីតាំង នឹងត្រូវដាក់ពង្រាយតាមបណ្តោយផ្លូវជាតិលេខ៥(កំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង និងបន្ទាយមានជ័យ)ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគិតគូរខ្ពស់លើចំណុចនេះ ដោយបានចង្អុលបង្ហាញឱ្យក្រុមការងារធ្វើកិច្ចការនេះឱ្យបានល្អ ឱ្យបានលឿន និងឱ្យមានប្រសិទ្ធភាពខ្ពស់។
បើតាមលោក ផន រឹម សម្ភារៈទាំងនោះបានដឹកទៅកាន់ទីតាំងដំឡើង ដោយបំពាក់តាមទីតាំងកំណត់ ដែលមានការសិក្សាត្រឹមត្រូវច្បាស់លាស់ ពីក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីមិត្តជប៉ុន។ បន្ថែមពីនេះ មិនត្រឹមភ្លើងស្តុបនោះទេ ក្រសួង ក៏នឹងបំពាក់បន្ថែមផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ចំណាំងផ្លាតជាដើម៕