681 ezgif.com resize
Swift cc time

អ្នកគ្រូ ថោង គឹមអាន ចំណាយពេលស្ទើរពេញមួយជីវិត បន្តថែរក្សាមរតក«របាំព្រះរាជទ្រព្យ»ខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អ្នកគ្រូ ថោង គឹមអាន ជាអ្នកគ្រូរបាំចាស់វស្សាម្នាក់ មានវ័យ៧៤ឆ្នាំ បច្ចុប្បន្ននៅតែបន្តការចូលរួមថែរក្សាមរតករបាំព្រះរាជទ្រព្យខ្មែរ តាមរយៈការរាំរបាំតាំងពីវ័យក្មេង រហូតបច្ចុប្បន្ននេះបានជួយបង្រៀនយុវជនខ្មែរជំនាន់ក្រោយតាមសាលានានា និងការបង្រៀនដោយឥតគិតថ្លៃ។ ទោះជាក្នុងវ័យ៧៤ឆ្នាំក៏ដោយ អ្នកគ្រូ ថោង គឹមអាន នៅតែបន្តថែរក្សាមរតកដូនតាមួយនេះ ព្រោះទទួលបានការណែនាំពីអ្នកម្តាយនាម ឯម ធាយ ដែលជាអ្នករបាំជំនាន់ដើមក្នុងព្រះរាជវាំង បានណែនាំ ហើយបណ្តុះទឹកចិត្តអ្នកគ្រូ ថោង គឹមអាន ឱ្យមានទឹកចិត្ត«ស្រឡាញ់ ហើយស្តាយ» នូវរបាំដ៏ថ្កុំថ្កើងអស្ចារ្យរបស់ខ្មែរ។

ក្នុងវ័យ៦ឆ្នាំ ខ្ទង់ឆ្នាំ ១៩៥៨ អ្នកគ្រូ ថោង គឹមអាន ចាប់ផ្តើមចេះរាំរបាំបន្តិចបន្តួច ហើយក្រោយមកត្រូវបានម្តាយបង្កើតនាម ឯម ធាយ ដែលជាអ្នករាំក្នុងក្រុមរបាំក្នុងព្រះរាជរាំង បានយកទៅថ្វាយសម្តេចព្រះមហាក្សត្រិយានីកុសមៈនារីរ័ត្នន៍សេរីវឌ្ឍនា។ ក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រិយានី អ្នកគ្រូថោង គឹមអាន ត្រូវបានបញ្ជូលទៅក្នុងក្រុមរាំរបស់ព្រះបរមរាជរាំងមួយរូបផងដែរ។ ទន្ទឹមនឹងនេះ ទឹកចិត្តស្រឡាញ់របស់អ្នកគ្រូលើការរាំរបាំ ក៏កើតចេញពីការឃើញអ្នកម្តាយរាំរបាំក្នុងរាជរាំងតាំងពីពេលដឹងក្តីមកម្លេះ និងការទូន្មានឱ្យស្រឡាញ់ និងថែរក្សារបាំខ្មែរ។

នាពេលបន្តបន្ទាប់មក អ្នកគ្រូ ថោង គឹមអាន បានបង្រៀនតាមសាលាអប់រំមួយចំនួន ដើម្បីបង្រៀនដល់យុវជនខ្មែរដែលត្រូវទៅសិក្សានៅបរទេសទាំងនោះ ឱ្យចេះនូវរបាំខ្មែរ។ នាពេលបច្ចុប្បន្ននេះ អ្នកគ្រូនៅតែបន្តបង្រៀនសិស្សបន្ថែមទៀតនៅផ្ទះរបស់អ្នកគ្រូផ្ទាល់ ដោយការបង្រៀនដោយឥតគិតថ្លៃ។ អ្នកគ្រូ ថោង គឹមអាន បានប្តេជ្ញាក្នុងនាមជាអ្នករាំរបាំ និងជាគ្រូរបាំម្នាក់ថា អ្នកគ្រូនឹងនៅតែបង្រៀនសិស្សរហូតដល់ថ្ងៃដែលកាយសម្បទារបស់អ្នកគ្រូរាំ ឬបង្រៀនលែងកើតតទៅមុខទៀត៕

សូមចូលទស្សនាវីដេអូសម្ភាស៖ 



Khcct banner

អត្ថបទទាក់ទង