យោធាអ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសកាលពីល្ងាចថ្ងៃច័ន្ទថាកងកម្លាំងពិសេសរបស់អ៊ីស្រាអែលនឹងបង្កើនការវាយប្រហាររបស់ខ្លួនទៅលើក្រុមហេសបូឡា។ នៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយនៅល្ងាចថ្ងៃចន្ទ លោក ណេតាន់យ៉ាហ៊ូ ថា អ៊ីស្រាអែលកំពុងធ្វើសង្គ្រាមជាមួយក្រុមហេសបូឡាហើយយោធាកំពុងតែបន្តការវាយប្រហារយ៉ាងខ្លាំងក្លាលើក្រុមហេសបូឡា។
បើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកថា ការវាយលុកយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡាបានសម្លាប់ភេរវករជាង ៦០០ នាក់ លោកថាការវាយប្រហារទ័ពអាកាសនឹងបន្តកាន់តែខ្លាំងឡើងលើក្រុមហេសបូឡា។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) ប្រកាសដែលថា ខ្លួនបានបើកការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡានៅក្នុងជ្រលងភ្នំ Bekaa នៅភាគខាងកើតនៃប្រទេសលីបង់ និងផ្នែកផ្សេងទៀតនៃប្រទេស។
ឆ្លើយតបជាមួយនឹងការវាយប្រហាររបស់អ៊ីស្រាអែលក្រុមហេសបូឡាបាននិយាយថា ខ្លួនបានសងសឹកដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងរ៉ុក្កែតចំនួន ២២ គ្រាប់ ហើយគោលដៅរបស់ខ្លួនរួមមានទាហានអ៊ីស្រាអែល រថក្រោះ បន្ទាយ និងអគារ ដោយក្នុងនោះក្រុមហេសបូឡាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងរ៉ុក្កែត ដើម្បីវាយប្រហារទីតាំងនានានៅទូទាំងភាគខាងត្បូងប្រទេសលីបង់ និងភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ដើម្បីឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់របស់អ៊ីស្រាអែល។
គួរកត់សម្គាល់ថាកាលពីដើមខែនេះ ប្រទេសលីបង់ និងអ៊ីស្រាអែលបានយល់ព្រមបន្តបទឈប់បាញ់រយៈពេល ៤៥ ថ្ងៃ ទោះបីជាការប្រយុទ្ធគ្នាមួយចំនួននៅតែបន្តក៏ដោយ។ ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៦ ខែមេសា ការវាយប្រហាររបស់អ៊ីស្រាអែលភាគច្រើនត្រូវបានកំណត់នៅភាគខាងត្បូងនៃប្រទេសលីបង់ ជាកន្លែងដែលកងទ័ពអ៊ីស្រាអែលថា យន្តហោះគ្មានមនុស្សបើក និងរ៉ុក្កែតត្រូវបានបាញ់បង្ហោះ ដោយមានទាហានអ៊ីស្រាអែលចំនួនដប់នាក់ត្រូវបានសម្លាប់ចាប់តាំងពីការព្រមព្រៀងគ្នាលើបទឈប់បាញ់ដំបូងជាមួយលីបង់។ មនុស្សជាង ៤០០ នាក់នៅក្នុងប្រទេសលីបង់ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងរបស់អ៊ីស្រាអែលក្នុងរយៈពេលដូចគ្នា។
ប្រទេសលីបង់ត្រូវបានទាញចូលទៅក្នុងសង្រ្គាមបន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានបាញ់រ៉ុក្កែតចូលទៅក្នុងអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេនី។អ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងយុទ្ធនាការផ្លូវអាកាសនៅទូទាំងលីបង់ និងការឈ្លានពានដីគោក ដោយមានមនុស្សជាង ៣.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕