681 ezgif.com resize
Swift cc time

បាក់រំលំអគារកម្ពស់ ៩ជាន់ នៅហ្វីលីពីន ស្លាប់ មនុស្ស៤នាក់ និងជាង ១០នាក់ទៀតកំពុងបាត់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ានីល៖ អាជ្ញាធរហ្វីលីពីនបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍បាក់រំលំអគារកំពុងសាងសង់មួយកន្លែង នៅជិតរដ្ឋធានីម៉ានីល បានកើនឡើងដល់ ៤នាក់ហើយ ខណៈមនុស្សជាង ១០នាក់ផ្សេងទៀតត្រូវបានជឿជាក់ថាកំពុងបាត់ខ្លួននៅឡើយ។ អគារកម្ពស់ ៩ជាន់នេះ បានបាក់រំលំដួលទៅសង្កត់លើសណ្ឋាគារមួយដែលនៅក្បែរនោះ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ និងបានសម្លាប់ភ្ញៀវទេសចរជនជាតិម៉ាឡេស៊ីម្នាក់ភ្លាមៗនៅនឹងកន្លែង។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP អ្នកនាំពាក្យការិយាល័យពន្លត់អគ្គិភ័យប្រចាំតំបន់ លោកស្រី ម៉ារីយ៉ា លីអា សាជីលី(Maria Leah Sajili) បានឱ្យដឹងថាកម្មករសំណង់ពីរនាក់ដែលជាប់ក្រោមគំនរបាក់បែកបានបាត់បង់ជីវិត ដោយម្នាក់ស្លាប់ក្រោយទាញចេញមកក្រៅ និងម្នាក់ទៀតគាំងបេះដូងស្លាប់ទាំងកំពុងជាប់គាំង។ ស្របពេលជាមួយគ្នានេះ ក្រុមការងារបានរកឃើញសាកសពមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ទៀត ខណៈជនរងគ្រោះប្រមាណ ១៧នាក់ផ្សេងទៀត ភាគច្រើនជាកម្មករសំណង់ កំពុងបាត់ខ្លួននៅឡើយ។

ជុំវិញមូលហេតុនៃការបាក់រំលំនេះ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ តែលោកស្រី ចេរ៉ាល់ឌីន ប៉ាន់លីលីអូ (Geraldine Panlilio) ប្រធាននាយកដ្ឋានការងារប្រចាំតំបន់ បានបង្ហើបឱ្យដឹងថា លោកស្រីធ្លាប់បានបញ្ជាឱ្យផ្អាកគម្រោងនេះម្តងរួចមកហើយកាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយសារតែការរំលោភលើស្តង់ដារសុវត្ថិភាពការងារ រួមមាន៖ កម្មករខ្វះឧបករណ៍ការពារសុវត្ថិភាព (ដូចជាមួក ការពារ ស្បែកជើងកវែង ខ្សែក្រវាត់សុវត្ថិភាព) កន្លែងធ្វើការខ្វះពន្លឺគ្រប់គ្រាន់ និងគ្មានផ្លាកសញ្ញាព្រមានសុវត្ថិភាពច្បាស់លាស់។ ប៉ុន្តែ ចុងក្រោយ ការដ្ឋាននេះនៅតែត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ មួយខែក្រោយមក បន្ទាប់ពីអ្នកម៉ៅការសំណង់បានបំពេញតាមលក្ខខណ្ឌតម្រូវការ។

បច្ចុប្បន្ន ក្រុមសង្គ្រោះកំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ក្នុងការស្វែងរកជនរងគ្រោះ ដោយសារការរំកិលគំនរបាក់បែកអាចបង្កឱ្យមានការបាក់ស្រុតបន្ថែម សង្កត់លើអ្នកដែលជាប់នៅខាងក្រោម។ អាជ្ញាធរក្រុងម៉ានីលគ្រោងនឹងប្រើប្រាស់ម៉ាស៊ីនស្កែនកម្ដៅ (Thermal Scanners) ដើម្បីរាវរកអ្នកនៅរស់រានមានជីវិត មុនពេលសម្រេចចិត្តប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីកាយកម្ទេចកំទី និងស្រង់យកសាកសពចេញមកក្រៅ៕

Khcct banner

អត្ថបទទាក់ទង