វ៉ាស៊ីនតោន៖ កងកម្លាំងសហរដ្ឋអាម៉េរិកកាលពីយប់ថ្ងៃច័ន្ទម្សិលមិញបានបើកការវាយប្រហារយ៉ាងភ្ញាក់ផ្អើលវាយប្រហារទីតាំងមីស៊ីលនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ និងទូកដែលកំពុងព្យាយាមដាក់មីននៅច្រកសមុទ្រហ័រមូស។ យោធាអាម៉េរិកបានបាញ់មីស៊ីលជាច្រើនគ្រាប់ជាប់គ្នាៗលើទីតាំងសំខាន់របស់អ៊ីរ៉ង់នៅភាគខាងត្បូង ការវាយប្រហារនេះចំពេលដែលកិច្ចចរចាសន្តិភាពជាមួយនឹងអ៊ីរ៉ង់ស្ទើរតែឈានដល់ជោគជ័យ។
បើតាមលោក Tim Hawkins អ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងអាម៉េរិកបានធ្វើការវាយប្រហារការពារខ្លួននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់នៅថ្ងៃនេះ ដើម្បីការពារកងទ័ពរបស់យើងពីការគំរាមកំហែងដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់។ លោក Tim Hawkins បន្ថែមថាលោកមិនអាចបានផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារភ្លាមៗនៅឡើយបាននោះទេដោយលោកបានប្រាប់ថាគោលដៅនៃការវាយប្រហារទាំងនោះរួមមានទីតាំងបាញ់មីស៊ីល និងទូកដែលកំពុងព្យាយាមដាក់មីននៅច្រកសមុទ្រហ័រមូស។
ភ្លាមៗក្រោយការវាយប្រហារប្រេងឆៅប្រភេទ Brent បានកើនឡើងជិត ២ ភាគរយនៅក្នុងការជួញដូរដំបូងនៅអាស៊ីនៅថ្ងៃអង្គារ បន្ទាប់ពីការវាយប្រហារ ដែលធ្វើឲ្យទីផ្សារមានភាពច្របូកច្របល់ ខណៈដែលកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមមិនអាចសម្រេចបានទាំងសងខាង។ការវាយប្រហារទាំងនេះបានគំរាមកំហែងដល់បទឈប់បាញ់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៨ ខែ មេសា៕