ភ្នំពេញ៖លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន បានថ្លែងចាត់ទុកការលើកលែងទោសលើ លោក កឹម សុខា អតីតមេបក្សប្រឆាំង គឺជារឿងសាទរ ព្រោះវាបង្ហាញអំពី«គុណធម៌នយោបាយ»របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលស្នើទៅ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ហើយសម្តេចក៏ទទួលយកការស្នើសុំនេះ។
បើតាម លោក ជា ធីរិទ្ធ ការលើកលែងទោសនេះ គឺដោយសារមើលឃើញថា លោក កឹម សុខា កំពុងជួបទុក្ខលំបាកដោយសារម្តាយរបស់លោក កំពុងស្ថិតនៅក្នុងស្ថានភាពចាស់ជរាដំណាក់កាលចុងក្រោយ តម្រូវឲ្យលោក កឹម សុខា ជាកូន មានពេលវេលា មានឱកាស នៅក្នុងការថែទាំម្ដាយរបស់ខ្លួន ដំណាក់ការចុងក្រោយ។
លោក ជា ធីរិទ្ធ បានសង្កត់ធ្ងន់ថា ការលើកលែងនោះនេះ ជាបទពិសោធន៍ ឆ្លុះបញ្ចាំងអំពី«គុណតម្លៃ»នៃការពង្រឹងការសាមគ្គីភាព ការផ្សះផ្សាជាតិ កើតចេញអំពី«គុណធម៌របស់អ្នកនយោបាយ» ជាពិសេស គឺគុណធម៌របស់អ្នកជំនាន់ក្រោយ ដែលមានសម្តេច ហ៊ុន ម៉ាណែត ដែលមនុស្សខ្មែរគ្រប់គ្នាចង់ឃើញ និងចង់បាន ហើយកំពុងតែសាទរ។
លោក កឹម សុខា អតីតមេបក្សប្រឆាំងនៅកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចហ៊ុន សែន បានចេញព្រះរាជក្រឹត្យលើកលែងទោសពាក់ព័ន្ធ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ។
យោងតាមព្រះរាជក្រឹត្យមាត្រា១ បានចែងថា "លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ ១៩៥៣ ដែលត្រូវបាន តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI "អ.ណ" ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ"
គួរបញ្ជាក់ថា លោក កឹម សុខា អតីតមេបក្សប្រឆាំងដែលត្រូវរំលាយចោល គឺគណបក្សសង្រ្គោះជាតិ នៅរំលងអាធាត្រ ឈានចូលថ្ងៃទី ០៣ កញ្ញា ឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។លោកត្រូវបានតុលាការផ្តន្ទាទោសពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ មុននឹងទទួលបានការលើកលែងទោស លោកត្រូវបានសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូង និង ផ្តន្ទាទោសបន្ថែមដោយហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦៕