ភ្នំពេញ៖ បេក្ខជនឆ្នើម៣រូប បានជ័យលាភីក្នុងកម្មវិធីប្រកួតរូបថតកាយរឹទ្ធិថ្នាក់ជាតិវគ្គផ្តាច់ព្រ័ត្រ ហើយនឹងតំណាងកម្ពុជាក្នុងការប្រកួតរូបថត នៅថ្នាក់តំបន់អាស៊ី បាស៊ីហ្វិច។ យុវជនទាំងបីរួមមាន បេក្ខនារី លឹម វិច្ឆិកា បានជ័យលាភីលេខ១ បេក្ខជន ចាន់ធូ វឌ្ឍនា បានជ័យលាភីលេខ២ និង បេក្ខជន ឡុង ស៊ីវប៉ បានជ័យលាភីលេខ៣។
យោងតាមគេហទំព័រក្រសួងអប់រំ បេក្ខជនឆ្នើមទាំង៣រូបរបស់យើងបានបង្ហាញនូវរូបភាពក៏ដូចជាខ្លឹមសារដ៏ល្អតាមរយៈការធ្វើបទបង្ហាញទៅកាន់គណៈកម្មការ រហូតបានជ័យលាភីតំណាងកម្ពុជាប្រកួតនៅថ្នាក់តំបន់អាស៊ី បាស៊ីហ្វិច។
បើតាមក្រសួងអប់រំ បេក្ខនារី លឹម វិច្ឆិកា ដែលបានជ័យលាភីលេខ១ ជាសិស្សដែលមកពីវិទ្យាល័យស្វាយលើ ខេត្តសៀមរាប ចំណែកឯបេក្ខជន ចាន់ធូ វឌ្ឍនា ដែលទទួលបានជ័យលាភីលេខ២ ជាសិស្សមកពីវិទ្យាល័យព្រះសីហនុ ហើយបេក្ខជន ឡុង ស៊ីវប៉ ដែលទទួលបានជ័យលាភីលេខ៣ ជាសិស្សមកពីសាលារៀនសុវណ្ណភូមិ ក្រុងតាខ្មៅ៣៕