ថៃ៖ អាជ្ញាធរប្រទេសថៃកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចការពារព្រំដែន និងសុខភាពសាធារណៈ ដោយតម្រូវឱ្យអ្នកដំណើរទាំងអស់ដែលធ្វើដំណើរមកពី ឬឆ្លងកាត់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ត្រូវតែចូលរួមក្នុងការធ្វើចត្តាឡីស័កជាកំហិតក្នុងរយៈពេលយ៉ាងតិច ២១ ថ្ងៃ ទោះបីជាពួកគេមិនបង្ហាញរោគសញ្ញានៃជំងឺអេបូឡាទាល់តែសោះនៅពេលមកដល់ប្រទេសថៃក៏ដោយ។
យោងតាមកាសែត CNT News វិធានការដ៏តឹងរ៉ឹងនេះត្រូវបានអនុម័តដោយគណៈកម្មាធិការទីប្រឹក្សាបច្ចេកទេស និងនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) នៃប្រទេសថៃ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសអេបូឡា (Ebola) ទម្រង់ថ្មីដ៏គ្រោះថ្នាក់មិនឱ្យចូលមកក្នុងប្រទេសបានឡើយ។
យោងតាមលោកវេជ្ជបណ្ឌិត ម៉ុនធាន ខាណាសាវ៉ាត អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បានពន្យល់ថា ការផ្ទុះឡើងនាពេលនេះគឺបង្កឡើងដោយវីរុសអេបូឡាទម្រង់ ប៊ុនឌីប៊ូហ្គូ ដែលបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលវេជ្ជសាស្ត្រជាក់លាក់ណាមួយត្រូវបានអនុម័តជាផ្លូវការនៅឡើយទេ។ លោកបានសង្កត់ធ្ងន់ថា វីរុសនេះអាចឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គរបស់អ្នកឆ្លងជំងឺ រួមទាំងផ្ទៃវត្ថុដែលមានមេរោគ ឬសត្វព្រៃដូចជាប្រជៀវ និងសត្វអំបូរស្វាជាដើម។
ផ្អែកលើស្ថានភាពដែលកំពុងតែរីករាលដាលកាន់តែអាក្រក់ទៅៗនៅក្នុងតំបន់អាហ្វ្រិកកណ្តាល មន្ត្រីសុខាភិបាលថៃសង្ឃឹមថា ការស្វែងរកប្រភពមេរោគទាន់ពេលវេលា និងការដាក់ឱ្យនៅដាច់ដោយឡែកចំពោះអ្នកប្រឈមមុខខ្ពស់ នឹងអាចកាត់ផ្តាច់ខ្សែសង្វាក់នៃការចម្លងមេរោគដ៏កាចសាហាវនេះ មុនពេលវារាលដាលចូលក្នុងសហគមន៍៕
គួរកត់សម្គាល់ថាអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅនេះ បានប្រកាសជាផ្លូវការថា ការផ្ទុះឡើងនៃវីរុសអេបូឡានៅក្នុងប្រទេសកុងហ្គោ និងប្រទេសជិតខាងអ៊ូហ្គង់ដា គឺជាគ្រោះអាសន្នសុខភាពសាធារណៈដែលគួរឱ្យព្រួយបារម្ភជាអន្តរជាតិ៕