ចិន៖ លោក ស៊ី ជិនស៊ុន (Xi Zhongxun) គឺជាថ្នាក់ដឹកនាំបដិវត្តន៍ចិនដ៏ឆ្នើមមួយរូប ដែលធ្លាប់បានកាន់តំណែងសំខាន់ៗជាឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ហើយលោកក៏ត្រូវជាឪពុករបស់ប្រធានាធិបតីចិនបច្ចុប្បន្ន លោក ស៊ី ជិនភីង (Xi Jinping) ផងដែរ។ ដើម្បីជាការផ្តល់កិត្តិយសដល់ការលះបង់ និងការតស៊ូពេញមួយជីវិតរបស់លោក អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានផលិតខ្សែភាពយន្តឯកសារពិសេសមួយមានចំនួន ៦ ភាគ ដោយបង្ហាញពីទិដ្ឋភាពជីវិតរបស់លោកក្នុងនាមជាថ្នាក់ដឹកនាំដែលប្រសូតចេញពីប្រជាជន ឈរនៅខាងប្រជាជន និងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ពលរដ្ឋដោយអស់ពីដួងចិត្ត ស្របតាមគោលបំណងជាមូលដ្ឋានរបស់បក្សកុម្មុយនីស្តចិន (CPC)។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក្នុងនាមជាប្រមុខបក្សប្រចាំស្រុក ស៊ុយតឺ (Suide) លោក ស៊ី ជិនស៊ុន ធ្លាប់បានពោលពាក្យស្លោកដ៏ល្បីល្បាញថា «យើងត្រូវតែបំពេញការងារដើម្បីផលប្រយោជន៍របស់ប្រជាជនដោយស្មោះត្រង់ និងអស់ពីចិត្ត ហើយត្រូវឈរឱ្យត្រង់នៅខាងប្រជាជន»។
បើយោងតាមការរំលឹកពីលោកស្រី ឈី ស៊ីន (Qi Xin) ដែលជាភរិយា បានឱ្យដឹងថា លោកមិនដែលចាត់ទុកខ្លួនឯងជាមន្ត្រី ឬកម្មាភិបាលឡើយ ពោលគឺលោកតែងតែចុះជួបពលរដ្ឋផ្ទាល់ពីភូមិមួយទៅភូមិមួយ និងតាមផ្ទះនីមួយៗ ដែលធ្វើឱ្យលោកទទួលបានការគោរពស្រឡាញ់ និងទំនុកចិត្តយ៉ាងខ្លាំងពីប្រជាជនគ្រប់វ័យ។ រហូតមកដល់បច្ចុប្បន្ន ទស្សនវិជ្ជាជីវិតរបស់លោកដែលថា «ប្រទេសជាតិគឺជាប្រជាជន ប្រជាជនគឺជាប្រទេសជាតិ» នៅតែជាពាក្យស្លោកដ៏មានឥទ្ធិពល និងឆ្លុះបញ្ចាំងពីសេចក្តីស្មោះត្រង់ ព្រមទាំងការទទួលខុសត្រូវដ៏ធំបំផុតចំពោះជាតិមាតុភូមិ៕
គួរបញ្ជាក់ថា លោក ស៊ី ជិនស៊ុន (Xi Zhongxun) គឺជាថ្នាក់ដឹកនាំបដិវត្តន៍ចិនជំនាន់ដំបូងដ៏លេចធ្លោមួយរូប ហើយត្រូវបានគេចងចាំបំផុតក្នុងនាមជា «ថ្នាក់ដឹកនាំមកពីមហាជន» ដែលបានលះបង់ពេញមួយជីវិតដើម្បីបម្រើប្រជាជន និងជាតិមាតុភូមិ។ លោក គឺត្រូវជាឪពុកបង្កើតរបស់លោក ស៊ី ជិនភីង ប្រធានាធិបតីចិនបច្ចុប្បន្ន ដោយលោកបានបន្សល់ទុកនូវកេរដំណែលទស្សនវិជ្ជាជីវិតដ៏មានឥទ្ធិពលគឺ «ប្រទេសជាតិគឺជាប្រជាជន ប្រជាជនគឺជាប្រទេសជាតិ» ដែលត្រូវបានកូនប្រុសរបស់លោកយកមកបន្តអនុវត្តរហូតដល់សព្វថ្ងៃ៕