ចិន៖ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានសម្រេចនូវភាពជោគជ័យបន្ថែមទៀត ក្នុងប្រតិបត្តិការ បាញ់បង្ហោះកប៉ាល់អវកាសមានមនុស្សបើកបរ សេនចូវ-២៣ (Shenzhou-23) ដើម្បីបញ្ជូនអវកាសយានិក ៣ រូប ទៅកាន់ស្ថានីយអវកាសរបស់ខ្លួន។ ក្រុមអវកាសយានិកចំនួន ៣ រូប នៃបេសកកម្ម បានធ្វើដំណើរទៅដល់មជ្ឈមណ្ឌលបង្ហោះផ្កាយរណប ជិវឈាន (Jiuquan) ស្ថិតនៅភាគពាយព្យប្រទេសចិន ដើម្បីត្រៀមខ្លួនឡើងលើកប៉ាល់អវកាសឆ្ពោះទៅកាន់ស្ថានីយអវកាស ធៀនកុង (Tiangong)។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា សមាជិកនៃបេសកកម្មនេះរួមមាន លោក ជូ យ៉ាងជូ (Zhu Yangzhu) ជាមេបញ្ជាការ, លោក ចាង ជឺយាន (Zhang Zhiyuan) ជាអាកាសយានិកបើកបរ និង កញ្ញា ឡៃ ខាយីង (Lai Ka-ying) ជាអ្នកជំនាញផ្នែកបន្ទុកទំនិញ ដែលជាអវកាសយានិកដំបូងបង្អស់មកពីតំបន់រដ្ឋបាល ពិសេសហុងកុង។ នៅក្នុងដំណើរឆ្ពោះទៅកាន់ទីតាំងបង្ហោះនោះ ពួកគេត្រូវបានអមដំណើរដោយក្បួនម៉ូតូយ៉ាងគគ្រឹកគគ្រេង ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់មហាជនឈរត្រកងសងខាងផ្លូវ។
បន្ទាប់ពីធ្វើដំណើរទៅដល់ទីនោះ ក្រុមអវកាសយានិកថ្មីនេះ នឹងទៅទទួលបន្តវេនគ្រប់គ្រងស្ថានីយអវកាស ធៀនកុង ពីក្រុមអវកាសយានិក សេនចូវ-២១ (Shenzhou-21) កំពុងបំពេញភារកិច្ច ក្នុងលំហអាកាស។ អ្វីជាចំណុចពិសេសអស្ចារ្យសម្រាប់បេសកកម្មនេះគឺ សមាជិកម្នាក់ក្នុងចំណោមពួកគេ នឹងត្រូវស្នាក់នៅលើគន្លងតារាវិថីរហូតដល់មួយឆ្នាំពេញ ជាថេរវេលាយូរជាងទ្វេដង បើធៀបនឹងបេសកកម្មមុនៗ៕