រុស្ស៊ី៖ យោធារុស្ស៊ីបានបើកប្រតិបត្តិការទ្រង់ទ្រាយធំជាថ្មីម្តងទៀតលើអ៊ុយក្រែនដោយរុស្ស៊ីបានវាយប្រហារដោយប្រើប្រាស់មីស៊ីលល្បឿនលឿងជាងសម្លេង Oreshnik hypersonic missile ដែលមានសមត្ថភាពបាញ់បានចម្ងាយប្រមាណជាង ១ម៉ឺនគីឡូដីក្នុងមួយម៉ោង។ ការវាយប្រហាររបស់រុស្ស៊ីកាលពីយប់ថ្ងៃអាទិត្យបានបណ្តាលឲ្យមានមនុស្សយ៉ាងហើចណាស់ ៤ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសដោយហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងអគារជាច្រើនខ្នងត្រូវបានបំផ្លាញ។
បើតាមការបញ្ជាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថាទីក្រុងគៀវគឺជាគោលដៅចម្បង ប៉ុន្តែតំបន់ផ្សេងទៀតក៏ត្រូវបានវាយប្រហារជាមួយគ្នា ដោយមនុស្សប្រហែល ១០០ នាក់រងរបួស និងបួននាក់ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី និងតំបន់រងគ្រោះជាច្រើន លោកបន្ថែមទៀតថាការវាយប្រហាររបស់រុស្ស៊ីបង្កឲ្យមានការផ្ទុះខ្លាំងៗបានឮពាសពេញតំបន់ពេញមួយយប់ អគារលំនៅដ្ឋានរាប់សិបខ្នង សាលារៀនមួយ រោងមហោស្រពអូប៉េរ៉ា និងសារមន្ទីរមួយត្រូវបានខូចខាតទាំងស្រុង។
ជាការឆ្លើយតបក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មីស៊ីលល្បឿនលឿន Oreshnik ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើអ៊ុយក្រែនពិតប្រាកដមែន ដោយការវាយប្រហារនេះឆ្លើយតបទៅនឹង "ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល" របស់អ៊ុយក្រែនដែលបានវាយរុស្ស៊ីកាលពីកន្លងទៅ។
មេដឹកនាំអឺរ៉ុបបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីកាលពីយប់ថ្ងៃអាទិត្យ ដែលបានកើតឡើងបន្ទាប់ពីការព្រមានពីលោក ហ្សលែនស្គី ថារុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារដោយប្រើប្រាស់មីស៊ីល Oreshnik។ មីស៊ីលនេះត្រូវបានគេរាយការណ៍ថាធ្វើដំណើរក្នុងល្បឿនជាង ១០ ដងនៃល្បឿនសំឡេង ពិបាកស្ទាក់ចាប់ ហើយមានសមត្ថភាពផ្ទុកក្បាលគ្រាប់ធម្មតា និងក្បាលគ្រាប់នុយក្លេអ៊ែរ៕