681 ezgif.com resize
Swift cc time

ក្រសួងសុខាភិបាលកម្ពុជា ប្រកាសព័ត៌មានស្តីពីការការពារខ្លួន ពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា ក្នុងពេលថ្មីៗនេះ ប្រទេសមួយចំនួននៅលើសកលលោក មានការកើនឡើងនៃការចម្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ជាពិសេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច រួមមានប្រទេសចិន សិង្ហបុរី និងហុងកុង ដែលកំពុងមានការចរាចរ និងការឆ្លងរាលដាលនៃវីរុសនេះ។ វីរុសបំប្លែងថ្មី NB.1.8.1 គឺជាពូជកូនចៅដែលវិវត្ត ចេញពីពូជអូមីក្រុង(Omicron) ខ្សែស្រឡាយ JN.1។

ក្រសួងសុខាភិបាលបញ្ជាក់ថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អង្គការសុខភាព ពិភពលោក (WHO) បានចាត់ថ្នាក់វីរុសនេះជា «វីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការតាមដាន» បន្ទាប់ពីសង្កេត ឃើញការកើនឡើងយ៉ាងឆាប់ពីទិន្នន័យវិភាគលម្អិតហ្សែន (Virus Sequencing) នៅលើសកលលោក ជាពិសេស នៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច។

បច្ចុប្បន្ននេះមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយ បញ្ជាក់ថា វីរុស NB.1.8.1 បង្កឱ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរ ការសម្រាកពេទ្យកើនឡើង ឬអត្រាស្លាប់ខ្ពស់ជាងពូជអូមីក្រុង ដែលបានចរាចរពីមុននោះទេ។ ប្រទេសកម្ពុជា កន្លងមកធ្លាប់បានរកឃើញ វីរុស NB.1.8.1 នៅចន្លោះ ខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២៦មក ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានចំនួន ១ករណី កាលពីថ្ងៃទី១៨ ខែឧសភា នៅក្នុងចំណោម អ្នកជំងឺដែលកមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ ដូចដែលបានផ្សាយជូនក្នុងប្រព័ន្ធរាយការណ៍ ផ្លូវការរបស់ក្រសួងសុខាភិបាល។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល អំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូម យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្ដាសាយ និងជំងឺកូវីដ-១៩ គ្រប់ទម្រង់ ជាយថាហេតុ ដោយត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចជា៖ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លងគឺ ពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែលលាងដៃ។ ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសម្រាបបិទជិត។

ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម - សូមស្វែងរកការ ពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា។ សូមបងប្អូនប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជម្រុញ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួន ឱ្យបានសមស្របដើម្បី បង្ការការឆ្លងកូវីដ-១៩ គ្រប់ទម្រង់៕

Khcct banner

អត្ថបទទាក់ទង