ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ចំនួន ២ករណី នៅព្រឹកព្រលឹមថ្ងៃទី២៣ ឧសភានេះ បានបណ្តាលឱ្យកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់។ ហេតុការណ៍នេះ កើតឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង មួយករណីទៀត ក្នុងភូមិបាក់រនាស់សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ករណីទី១ កើតឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ ដោយរថយន្តដឹកទំនិញធុនធំ បានបុករថយន្តដឹកកម្មករតាមបណ្តោយផ្លូវជាតិលេខ៥ ដែលបណ្តាលឱ្យកម្មករ ៨នាក់បានស្លាប់ និង១០នាក់រងរបួសធ្ងន់ ខណៈកម្មករផ្សេងៗទៀតមានរបួសស្រាល។ ដោយឡែកករណីទី២ បានកើតឡើងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀងដែលបណ្តាលឱ្យ កម្មករចំនួន ៥នាក់បានស្លាប់ របួសធ្ងន់៥នាក់ និងរបួសស្រាល១៦នាក់។
លោក ស៊ុន មេសា បានអំពាវនាវយ៉ាងទទូចឱ្យមានការគោរពច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ដែលធ្លាក់មកលើកម្មករនិយោជិតរបស់យើង។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង នឹងចុះរៀបចំបុណ្យសព និងធានារាល់ការចំណាយនៃពិធីបុណ្យសពរបស់បងប្អូនកម្មករ៕