ចិន៖ តុលាការទីក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន បានបើកសវនាការជាសាធារណៈលើសំណុំរឿង “ក្រុមឧក្រិដ្ឋជនគ្រួសារ Wei” ពីតំបន់ Kokang ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ សម្លាប់មនុស្សដោយចេតនា និង បទល្មើសឆ្លងដែនផ្សេងៗ។
សវនាការលើកដំបូងនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា លើជនជាប់ចោទជាច្រើនមានជាអាទិ៍៖ Wei Huai-ren, Liao Jing-fang, Kang Min, Chen Dawei និង Xiong Hengxing ជាដើម។
ក្នុងដំណើរសវនាការនោះ តំណាងអយ្យការ បានចោទប្រកាន់ជនត្រូវចោទទាំងអស់នោះ ថា ចាប់តាំងពីឆ្នាំ ២០១៩ ក្រុមឧក្រិដ្ឋជននេះ បានប្រើឥទ្ធិពលយោធា និង នយោបាយរបស់គ្រួសារ Wei នៅតំបន់ Kokang ប្រទេសមីយាន់ម៉ា ដើម្បីបង្កើតតំបន់ប្រតិបត្តិការជាច្រើន និង ផ្តល់ការការពារប្រដាប់អាវុធដល់ក្រុមឆបោកអនឡាញ ដែលផ្តោតលើពលរដ្ឋចិន។
ករណីនេះ ពាក់ព័ន្ធទឹកប្រាក់ឆបោកជាង ២.៤ ពាន់លានយ័ន និង បណ្តាលឱ្យពលរដ្ឋចិន ២នាក់ស្លាប់។ក្រៅពីបទឆបោក ជនជាប់ចោទមួយចំនួនក៏ត្រូវបានចោទពី បទសម្លាប់មនុស្សដោយចេតនា ជំរិតទារប្រាក់ រៀបចំឱ្យអ្នកដទៃឆ្លងដែនខុសច្បាប់ និង បទល្មើសផ្សេងៗទៀត។
នៅក្នុងអំឡុងសវនាការ អយ្យការ បានបង្ហាញភស្តុតាងពាក់ព័ន្ធ ខណៈភាគីការពារ និង ជនជាប់ចោទបានធ្វើការឆ្លើយតប និងថ្លែងសេចក្តីសន្និដ្ឋានចុងក្រោយ។ សំណុំរឿងនេះ នឹងត្រូវប្រកាសសាលក្រមនៅពេលក្រោយ៕