681 ezgif.com resize
Swift cc time

វៀតណាមនឹងផាកពិន័យអ្នកចែកចាយ«ព័ត៌មានក្លែងក្លាយ»ក្បែរពីរពាន់ដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានប្រកាសដាក់ចេញនូវក្រឹត្យថ្មីមួយ ក្នុងគោលបំណងរឹតបន្តឹងការគ្រប់គ្រងលើប្រព័ន្ធឌីជីថល ដោយកំណត់ប្រាក់ពិន័យរហូតដល់ ៥០ លានដុង (ប្រមាណ ១,៩០០ ដុល្លារអាម៉េរិក) លើអ្នកប្រើប្រាស់បណ្តាញសង្គមណាដែលចែករំលែកព័ត៌មានមិនពិត ឬព័ត៌មានប្រឌិត។ វិធានការច្បាប់ថ្មីនេះ បើកផ្លូវឱ្យមានការអនុវត្តទណ្ឌកម្មរដ្ឋបាល និងការផាកពិន័យយ៉ាងតឹងរ៉ឹងចំពោះរាល់បទល្មើសដែលកើតឡើងនៅក្នុងវិស័យសេវាកម្មប្រៃសណីយ៍ ទូរគមនាគមន៍ ប្រេកង់វិទ្យុ និងបច្ចេកវិទ្យាព័ត៌មាន (IT) ដោយគ្របដណ្តប់ទាំងស្រុងលើបណ្តាអង្គការ អាជីវកម្មដ្ឋាន ក្រុមហ៊ុនរដ្ឋនិងឯកជន ព្រមទាំងពលរដ្ឋនិងជនបរទេសដែលប្រព្រឹត្តល្មើសច្បាប់នៅក្នុងប្រទេសវៀតណាម។

យោងតាមការចេញផ្សាយរបស់កាសែតVN Express ស្ថិតក្រោមបទប្បញ្ញត្តិថ្មីនេះ អ្នកប្រើប្រាស់បណ្តាញសង្គមដែលទាញយកផលប្រយោជន៍ពីប្រព័ន្ធអ៊ីនធឺណិតដើម្បីប្រព្រឹត្តសកម្មភាពហាមឃាត់ នឹងត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់ពី ២០ ទៅ ៣០ លានដុង (ប្រមាណ ៧៦០ ដល់ ១,១៤០ ដុល្លារអាម៉េរិក)។

សកម្មភាពល្មើសច្បាប់ទាំងនោះរួមមាន ការចែករំលែកព័ត៌មានប្រឌិត បំភ្លៃ ឬបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ, ការផ្សព្វផ្សាយសម្ភារៈអាសអាភាស អនាចារ ឬអំពើអបាយមុខសង្គម, ការចែកចាយរូបភាពហិង្សា រន្ធត់ ឬស្នាដៃដែលមានរក្សាសិទ្ធិដោយគ្មានការអនុញ្ញាត, ព្រមទាំងការបង្ហោះផែនទីបំភ្លៃអធិបតេយ្យភាពជាតិ និងការខកខានមិនបានលុបចេញនូវខ្លឹមសារគ្រោះថ្នាក់ដែលប៉ះពាល់ដល់កុមារតាមបញ្ជារបស់អាជ្ញាធរ។

រដ្ឋាភិបាលវៀតណាមក៏បានបង្កើនកម្រិតពិន័យកាន់តែធ្ងន់ធ្ងរ គឺចាប់ពី ៣០ ដល់ ៥០ លានដុង (ប្រមាណ ១,១៤០ ដល់ ១,៩០០ ដុល្លារអាម៉េរិក) សម្រាប់សកម្មភាពណាដែលមិនទាន់ឈានដល់កម្រិតនៃការចោទប្រកាន់ព្រហ្មទណ្ឌ ប៉ុន្តែបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងស្ថិរភាពសង្គម។

យន្តការផាកពិន័យខ្ពស់នេះ ក៏នឹងត្រូវអនុវត្តចំពោះការចែករំលែកខ្លឹមសារដែលបំភ្លៃប្រវត្តិសាស្ត្រ បដិសេធសមិទ្ធផលបដិវត្តន៍ បំផ្លិចបំផ្លាញសាមគ្គីភាពជាតិ ឬញុះញង់ឱ្យមានការរើសអើងពូជសាសន៍និងសាសនា ព្រមទាំងការទម្លាយការសម្ងាត់របស់រដ្ឋ ឬឯកជនភាពផ្ទាល់ខ្លួន និងការចែកចាយព័ត៌មានមិនពិតដែលបង្កឱ្យមានការភ័យស្លន់ស្លោជាសាធារណៈ ឬរំខានដល់ប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ៕

Khcct banner

អត្ថបទទាក់ទង