ភ្នំពេញ៖ ក្រសួងអប់រំ ប្រកាសជ្រើសរើសដៃគូសហការចូលរួមអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែមផ្នែកស្ទែម (Extra- curricular STEM skills) នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ក្នុងក្របខណ្ឌភាពជាដៃគូសហការសម្រាប់ការបណ្តុះបណ្តាល សម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស។
យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា ក្រសួងនឹងជ្រើសរើសក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថាន បណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធ ដែលមានបទពិសោធ និងសមត្ថភាពក្នុងការបណ្តុះបណ្តាលជំនាញ បច្ចេកទេស ដែលចូលរួមដាក់ពាក្យស្នើសុំធ្វើជាដៃគូសហការ ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម ផ្នែកស្អែម (Extra- curricular STEM skills) នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ។ ការជ្រើសរើសនេះ ស្ថិតក្នុងក្របខណ្ឌភាពជាដៃគូសហការបណ្តុះបណ្តាលជំនាញបន្ថែមផ្នែកស្ទែម សម្រាប់គ្រូបង្រៀន និងសិស្សានុសិស្សឱ្យទទួលបានជំនាញស្របតាមតម្រូវការទីផ្សារការងារជាក់ស្តែងនៅក្នុងសហគមន៍ និងផ្សារភ្ជាប់ជាមួយចំណង់ចំណូលចិត្ត ទេពកោសល្យរបស់ខ្លួន ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងជួយគាំទ្របន្តការសិក្សា។
លក្ខខណ្ឌនៃការជ្រើសរើស សម្រាប់គ្រឹះស្ថានបណ្តុះបណ្តាល គឺតម្រូវឱ្យគ្រឹះស្ថានបណ្តុះបណ្តាលត្រូវជាក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានបណ្តុះបណ្តាល និងដៃគូ ពាក់ព័ន្ធដែលជាស្ថាប័នដែលបានចុះបញ្ជីស្របច្បាប់ និងជាស្ថាប័នដែលមាន សម្ភារៈប្រតិបត្តិគ្រប់គ្រាន់ សមត្ថភាពវិជ្ជាជីវៈ និងបទពិសោធលើការ បណ្តុះបណ្តាលជំនាញ។
ចំពោះលក្ខណៈសម្បត្តិអ្នកបណ្តុះបណ្តាល ត្រូវមានចំណេះដឹង និងជំនាញ លើមុខជំនាញដែលត្រូវបណ្តុះបណ្តាល (មានសញ្ញាបត្រ វិញ្ញាបនបត្រ ឬភស្តុតាងបទពិសោធអនុវត្តជាក់ស្តែង) ហើយមានទេពកោសល្យក្នុងការបណ្តុះបណ្តាល និងចូលចិត្តធ្វើការជាមួយអ្នកសិក្សា។ ជាពិសេស ត្រូវមានអត្តចរិតស្លូតបូត យុត្តិធម៌ និងស្មោះត្រង់ចំពោះការងារ មានស្មារតីគោរព និងការពារសិទ្ធិកុមារ (មានលិខិតបញ្ជាក់ចរិយាមាយាទ ពីប៉ុស្តិ៍រដ្ឋបាល ឃុំ-សង្កាត់) និងជាអ្នកស្រាវជ្រាវ មានគំនិតច្នៃប្រឌិត និងនវានុវត្តន៍។
បើតាមក្រសួងអប់រំ ក្រសួងនឹងទទួលពាក្យជ្រើសរើស ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទី។ ដែលអាចយកគំរូឯកសារស្នើសុំជាដៃគូសហការបណ្តុះបណ្តាលជំនាញអាចទាញយកតាមរយៈ QR Code ខាងក្រោម។ឬដាក់ពាក្យតាមរយៈប្រព័ន្ធអនឡាញតាម តំណភ្ជាប់ ឬនៅនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈផ្ទាល់។
ចំពោះព័ត៌មានលម្អិតបន្ថែមផ្សេងៗ នៃភាពជាដៃគូសហការបណ្តុះបណ្តាលជំនាញអាចទាក់ទង មកនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ (ការិយាល័យអភិវឌ្ឍការអប់រំបច្ចេកទេស) មានទីតាំងស្ថិតនៅអគារលេខ ១៨៥ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឬតាមទូរសព្ទ (តេឡេក្រាម)៖ លោក ប៊ុត សុភាព ០១៦ ៥១ ៥៣ ៥៦៕