681 ezgif.com resize
Swift cc time

សន្និសីទអន្តរជាតិ «ស្រាវជ្រាវរកគន្លឹះអភិវឌ្ឍន៍តំបន់មេគង្គដោយចីរភាព» ត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សន្និសីទអន្តរជាតិក្រោមប្រធានបទ “កម្ពុជានាសហគមន៍តំបន់មេគង្គ៖ ដំណើរឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព” ដែលរៀបចំឡើងជាលើកដំបូងនៅអាស៊ីអាគ្នេយ៍ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានប្រមូលផ្តុំនូវអ្នកស្រាវជ្រាវពីបណ្តាប្រទេសនានាចូលរួម ដូចជាពីតំបន់អាស៊ីអាគ្នេយ៍ ពីតំបន់អឺរ៉ុប ពីសហរដ្ឋអាមេរិក ពីអាស៊ីខាងត្បូង ជាដើម ជាពិសេស កម្ពុជា ភូមា ឡាវ វៀតណាម បានជួបជុំគ្នាពិភាក្សាពីតំបន់របស់ខ្លួនដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា និងដើម្បីបង្កើតអនាគតរួមគ្នា។

លោកបណ្ឌិត Kashif Hasan Khan, ប្រធាននៃសន្និសីទ

លោកបណ្ឌិត Kashif Hasan Khan, ប្រធាននៃសន្និសីទនេះ បានលើកឡើងថា គំនិតក្នុងការបង្កើតសន្និសីទស្រាវជ្រាវនេះឡើង គឺចាប់តាំងពីលោកមកដល់កម្ពុជាកាលពីខែសីហា ឆ្នាំ២០២៥ ដែលលោកធ្លាប់ធ្វើកម្មវិធីទាំងនេះនៅតំបន់អាស៊ីកណ្តាល ពោលគឺប្រទេសគីរីគីស្ថាន(Kyrgyzstan) ហើយក៏ចង់បង្កើតទម្រង់កម្មវិធីបែបនេះនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសចាប់ចេញពីកម្ពុជា។ ជាលទ្ធផល សន្និសីទនេះបានប្រារព្ធឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនផ្ទាល់ ដែលផ្តល់ជាវេទិកាកម្រិតខ្ពស់ រវាងអ្នកសិក្សាស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយ មន្ត្រីរដ្ឋាភិបាល និស្សិត និងសាធារណៈជន បានចួលរួមពិភាក្សាលើ បច្ចុប្បន្ន និងអនាគតនៃតំបន់មេគង្គ។

សន្និសីទដែលរៀបចំឡើងជាលើកដំបូងនៅអាស៊ីអាគ្នេយ៍ ក្នុងប្រទេសកម្ពុជានេះ មានអ្នកស្រាវជ្រាវពីបណ្តាប្រទេសនានាចួលរួម ដូចជាពីតំបន់អាស៊ីអាគ្នេយ៍ ពីតំបន់អឺរ៉ុប ពីសហរដ្ឋអាមេរិក ពីអាស៊ីខាងត្បូង ជាដើម ជាពិសេស កម្ពុជា ភូមា ឡាវ វៀតណាម បានជួបជុំគ្នាពិភាក្សាពីតំបន់របស់ខ្លួនដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា និងដើម្បីបង្កើតអនាគតរួមគ្នា លើការអភិវឌ្ឍន៍តំបន់មេគង្គប្រកបដោយចីរភាព ដែលផ្តល់ធាតុចូលសំខាន់សម្រាប់កម្ពុជា បណ្តាប្រទេសក្នុងតំបន់មេគង្គ អាស៊ីអាគ្នេយ៍ និងដៃគូអន្តរជាតិ ទៅលើការអភិវឌ្ឍន៍មួយដែលធានាដល់ការរីកចម្រើនរួមស្របនឹងកិច្ចការពារបរិស្ថាន និងអនាគតសម្រាប់មនុស្សចំនួនក្រោយ។

លោកស្រីបណ្ឌីត Anja Mihr នាយកកម្មវិធីនៃមជ្ឈមណ្ឌលអភិបាលកិច្ចដោយសិទ្ធិមនុស្ស មានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង

លោកស្រីបណ្ឌីត Anja Mihr នាយកកម្មវិធីនៃមជ្ឈមណ្ឌលអភិបាលកិច្ចដោយសិទ្ធិមនុស្ស មានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង(Programme Director of the Centre on Governance through Human Rights) ពីប្រទេសអាល្លឺម៉ង់ បានលើកឡើងថា «ធាតុផ្សំនៃការអភិវឌ្ឍន៍ ត្រូវការវត្តមាននៃសង្គមនិងសេដ្ឋកិច្ចចំពោះការអភិវឌ្ឍន៍នេះហើយដែលត្រូវធានាដល់សុខសុវត្តិភាពនៃប្រព័ន្ធបរិស្ថាន។ ការអភិវឌ្ឍន៍នេះ គឺទាមទារឱ្យមានអភិបាលកិច្ចល្អ, គ្មានអំពើពុករលួយ, គ្មានហិង្សានយោបាយ, ប្រកបដោយតម្លាភាព, សមភាព, ភាពបៃតងនិងស្អាត, មានសុខសុវត្ថិភាព និង ធានាដល់ដំណើរការនៃវិស័យឯកជន។ សម្រាប់បរិបទនៅអាស៊ីអាគ្នេយ៍ តំបន់នេះ ច្រើនផ្តោតទៅលើ ការបញ្ចប់ភាពក្រីក្រ នគរូបនីយកម្ម ដែលធានាដល់និរន្តរភាពទីក្រុង និងសហគមន៍ ក៏ដូចជា ការគិតគូរលើបញ្ហាអាកាសធាតុដែលរួមបញ្ចូលការលើកស្ទួយបរិស្ថាន ដូចជាថាមពលស្អាតជាដើម។ នៅពេលដែលគេគិតអពីការអភិវឌ្ឍន៍ SDGs នេះ គេមិនត្រូវភ្លេចអំពីបញ្ហាសិទ្ធិមនុស្សនោះឡើយ ដែលវាមានភាពជាប់ពាក់ព័ន្ធនឹងគ្នា។»។លោកស្រីបន្ថែមថា តំបន់មេគង្គត្រូវតែប្រយ័ត្នទៅលើការធានានូវនិរន្តរភាពហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ ពង្រឹងការតភ្ជាប់នឹងគ្នាក្នុងតំបន់ ជ្រើសរើសដៃគូអភិវឌ្ឍន៍ដែលត្រឹមត្រូវ គិតគូរពីសន្តិសុខថាមពល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលគិតពីសិទ្ធិមនុស្ស ផាសុកភាពរស់នៅរបស់ប្រជាជន ជាមួយនឹងសុវត្ថិភាពបរិស្ថាន។

លោក ជួប ប៉ារីស រដ្ឋលេខាធិការក្រសួងបរិស្ថាន

តំណាងពីរដ្ឋាភិបាលកម្ពុជា លោក ជួប ប៉ារីស រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅពេលដែលគេនិយាយអំពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺត្រូវគិតអំពី សសរស្តម្ភចំនួន៣ ពោលគឺ ទី១ កំណើនសេដ្ឋកិច្ច ទី២ ភាពសុខុដុមរមណីយកម្មក្នុងសង្គម និងទី៣ គឺសុវត្ថិភាពបរិស្ថាន។ លោកសង្កត់ធ្ងន់ថា ប្រទេសនានាតែងតែលើកកម្ពស់កិច្ចការពារបរិស្ថាននៅលើឆាកអន្តរជាតិ តែយ៉ាងណា គែមិនអាចផាត់ចោលបានដែរអំពីបញ្ហាសេដ្ឋកិច្ច និយាយឱ្យខ្លី គឺ លុយ។ លោកថា ស្របនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញយុទ្ធសាស្ត្របរិស្ថានក្នុងន័យការពារបរិស្ថាន(clean the environment) ស្របពេលកម្ពុជាមានធនធានព្រៃប្រមាណលើសពី ៥០% នៃផ្ទៃប្រទេស។ លោកបន្តថា កម្ពុជាតែងផ្តល់ការគាំទ្រលើការអភិវឌ្ឍន៍ដោយចីរភាពជាមួយដៃគូនានាទាំងក្នុងតំបន់និងអន្តរជាតិ ទាំងយន្តការអាស៊ាន អង្គការសហប្រជាជាតិ ជាមួយបណ្តាប្រទេសជាដៃគូធំៗ ជាដើម។ លោកបន្ថែមថា ដងទន្លេមេគង្គជាប្រភពសំខាន់នៃជីវិតរបស់ប្រជាជនសម្រាប់ប្រទេសនានា រួមទាំងកម្ពុជា ដែលកម្ពុជានិងរាល់បណ្តាប្រទេសជាប់ដងទន្លេមេគង្គត្រូវតែរួមគ្នាសហការការពារសម្រាប់ថ្ងៃនេះ និងទៅថ្ងៃមុខ។

វាគ្មិនដែលចូលរួមកិច្ចពិភាក្សា ទៅលើប្រធានបទ អភិបាលកិច្ច, ការតភ្ជាប់ និងអាកាសធាតុៈ គិតឡើងវិញអំពីការអភិវឌ្ឍន៍ក្នុងតំបន់មេគង្គ រួមមាន លោកបណ្ឌិត Shihlun Allen Chen, សាស្ត្រាចារ្យពីសាកលវិទ្យាល័យ Sun Yat-Sen University ប្រទេសចិន, លោកស្រីបណ្ឌិតAnja Mihr, នាយកកម្មវិធីនៃមជ្ឈមណ្ឌលអភិបាលកិច្ចដោយសិទ្ធិមនុស្ស មកពីប្រទេសអាល្លឺម៉ង់, លោកបណ្ឌិត Sing Ong Yu ពី American University of Phnom Penh(AUPP) និងលោកបណ្ឌិត Alfredo C. Panizales នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute)។ វាគ្មិនបានជជែកអំពីបញ្ហាបរិស្ថាន សេដ្ឋកិច្ច អភិបាលកិច្ច នៅក្នុងតំបន់មេគង្គ ក៏ដូចជាបញ្ហាប្រឈមដែលតំបន់នេះជួបប្រទះតួយ៉ាងការពង្រីកកិច្ចសហប្រតិបត្តិការ ការគ្រប់គ្រងវិបត្តិអាកាសធាតុ ការអភិវឌ្ឍន៍ទំនប់វារីអគ្គីសនី។

ក្នុងនោះដែរ វាគ្មិនក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈមក្នុងតំបន់ដែលកំពុងគំរាមកំហែងបរិស្ថានតួយ៉ាង ការបាត់បង់ប្រព័ន្ធជីវចម្រុះ ការនេសាទខុសច្បាប់ ការបំផ្លាញនិងបំពុលធនធានសមុទ្រដោយប្លាស្ទិច ក៏ដូចជាការប៉ះពាល់បរិស្ថានពីទំនប់វារីអគ្គីសនី។ ជាចុងក្រោយ វាគ្មិនកិត្តិយស បានផ្តល់យោបល់ធានាដល់តម្លាភាព គណនេយ្យភាព និងការចូលរួមពីសាធារណៈ ដើម្បីអភិបាលកិច្ចការអភិវឌ្ឍន៍ដោយចីរភាពនេះ ជាមួយនឹងការពង្រឹងការតភ្ជាប់នៅក្នុងតំបន់ ពីបណ្តាប្រទេសនានា ដោយធានាលំនឹងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចទៅនឹងកិច្ចការពារបរិស្ថាន។

ក្រៅពីនេះ អ្នកស្រាវជ្រាវពីបណ្តាប្រទេសនានានៅក្នុងតំបន់ តួយ៉ាងឥណ្ឌូនេស៊ី ឡាវ វៀណាម កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌា បារាំង ចិន អាបឺនី អាល្លឺម៉ង់ សហរដ្ឋអាមេរិក ជាដើម បានធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវរបស់ខ្លួនទៅលើប្រធានបទនានា ដូចជា អភិបាលកិច្ច ការតភ្ជាប់ និងអាកាសធាតុ, នវានុវត្តន៍ផ្នែកបរិស្ថាន និងភាពធន់ទៅនឹងអាកាសធាតុ, សេដ្ឋកិច្ចនយោបាយ និងការអភិវឌ្ឍន៍, ពាណិជ្ជកម្ម ទេសចរណ៍ និងបម្លាស់ប្តូរសេដ្ឋកិច្ច, សេដ្ឋកិច្ចឌីជីថល និងអនាគតនៃទីក្រុង, អភិបាលកិច្ចធនធានទឹក និងថាមពល និង ទំនាក់ទំនងការទូត ទំនាក់ទំនងអន្តរជាតិ និងវប្បធម៌៕

Khcct banner

អត្ថបទទាក់ទង