សិង្ហបុរី៖ ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លង (CDA) នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ (COVID-19) នៅក្នុងប្រទេសសិង្ហបុរី ចំពេលដែលចំនួនអ្នកឆ្លងបានហក់ឡើងរហូតដល់ ៥៩ ភាគរយ នាពេលថ្មីៗនេះ។ យោងតាមទិន្នន័យ ចំនួនប៉ាន់ស្មាននៃអ្នកឆ្លងបានកើនឡើងដល់ ១២,៧០០ ករណី គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ ២០២៦ នេះ ដែលបណ្តាលឱ្យចំនួនអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនឡើងជាមធ្យម ៧៣ នាក់ក្នុងមួយថ្ងៃ។នេះបើតាមការចេញផ្សាយរបស់កាសែតCNA។
ទីភ្នាក់ងារ CDA បានពន្យល់ថា ការកើនឡើងនៃករណីឆ្លងនេះអាចបណ្តាលមកពីកត្តាជាច្រើន រួមទាំងការថយចុះនៃភាពស៊ាំក្នុងរាងកាយរបស់ប្រជាជនផងដែរ។
អាជ្ញាធរសិង្ហបុរីបានបញ្ជាក់ថា «ដូចគ្នានឹងជំងឺផ្លូវដង្ហើមប្រចាំតំបន់ដទៃទៀតដែរ រលកនៃការឆ្លងជំងឺកូវីដ-១៩ ត្រូវបានរំពឹងថានឹងកើតមានឡើងពេញមួយឆ្នាំ»។ មេរោគបំប្លែងថ្មី NB.1.8.1 ដែលកំពុងឆ្លងរាលដាលខ្លាំងជាងគេនៅក្នុងស្រុក មិនទាន់មានសញ្ញាណាមួយបង្ហាញថាមានភាពកាចសាហាវ ឬចម្លងលឿនជាងមុននោះទេ ហើយមន្ទីរពេទ្យរដ្ឋក៏នៅតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ដែលករណីនេះត្រូវបានចាត់ទុកជា រលកឆ្លងតាមកាលកំណត់ដូចទៅនឹងស្ថានភាពកាលពីខែឧសភា ឆ្នាំ ២០២៥ ដែរ។
ដើម្បីឆ្លើយតបនឹងការវិវត្តនេះ ទីភ្នាក់ងារ CDA បានណែនាំនិងស្នើដល់បុគ្គលដែលមានហានិភ័យខ្ពស់ ដូចជាមនុស្សចាស់អាយុចាប់ពី ៦០ ឆ្នាំឡើងទៅ និងអ្នកងាយរងគ្រោះផ្នែកវេជ្ជសាស្ត្រ ឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញបន្ថែមក្នុងរយៈពេលប្រហែលមួយឆ្នាំ បន្ទាប់ពីការចាក់ដូសចុងក្រោយ ព្រោះវ៉ាក់សាំងបច្ចុប្បន្ននៅតែមានប្រសិទ្ធភាពការពារខ្ពស់ប្រឆាំងនឹងមេរោគបំប្លែងថ្មីនេះ។
ជាចុងក្រោយ អាជ្ញាធរសិង្ហបុរីក៏បានលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល និងសាធារណជនទូទៅឱ្យទៅទទួលវ៉ាក់សាំងនៅតាមគ្លីនិកនានា ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបបង្កើនការប្រុងប្រយ័ត្ន ដោយរក្សាអនាម័យខ្លួនប្រាណ លាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាសការពារនៅពេលមានចេញរោគសញ្ញា និងកាត់បន្ថយការធ្វើដំណើរ ឬការជួបជុំដែលមិនចាំបាច់នៅពេលមានអារម្មណ៍មិនស្រួលខ្លួន។