អាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ត្រាំ អះអាងថាសហរដ្ឋអាម៉េរិកនឹងបញ្ជូនកងទ័ពបន្ថែមចំនួន ៥,០០០ នាក់ទៅកាន់ប្រទេសប៉ូឡូញ ចំណាត់ការរបស់លោកដូណាល់ត្រាំនេះធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីមន្ទីរបញ្ចកោណបានលុបចោលផែនការដាក់ពង្រាយកងទ័ពចំនួន ៤,០០០ នាក់ទៅកាន់ប៉ូឡូញ។ លោកដូណាល់ត្រាំបានបញ្ជាក់តាមប្រព័ន្ធ Trust Social ថាការសម្រេចចិត្តបញ្ជូនទៅជាថ្មីនេះគឺផ្អែកលើទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយប្រធានាធិបតីប៉ូឡូញ Karol Nawrocki ដែលលោកបានគាំទ្រក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។
លោក ដូណាល់ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីថាតើកងទ័ពបន្ថែមនេះជាផ្នែកមួយនៃផែនការដាក់ពង្រាយពីមុន ឬប្រតិបត្តិការអ្វីនោះទេ។ មុនការបញ្ជូនទៅកាន់ប៉ូឡូញជាថ្មីនេះលោកក៏បានរិះគន់សម្ព័ន្ធមិត្តណាតូ ចំពោះការមិនព្រមចូលរួមជាមួយសហរដ្ឋអាម៉េរិកក្នុងការដាក់សម្ពាធលើអ៊ីរ៉ង់លើច្រកសមុទ្រហ័រមូស។
កាលពីដើមខែនេះ សហរដ្ឋអាម៉េរិកក៏បានប្រកាសថា ខ្លួននឹងដកកងទ័ពចំនួន ៥,០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីជម្លោះរវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ Friedrich Merz លើសង្គ្រាមជាមួយអ៊ីរ៉ង់។ លោក ត្រាំ ពីមុនបានរិះគន់លោក Merz ចំពោះការលើកឡើងរបស់លោកថា សហរដ្ឋអាម៉េរិកត្រូវបាននិងអាម៉ាស់មុខក្នុងការចរចាជាមួយនឹងអ៊ីរ៉ង់។
ថ្លែងទៅកាន់កម្មវិធីវិទ្យុ 4 Today របស់ BBC កាលពីខែមករា ប្រធានាធិបតីប៉ូឡូញធ្លាប់បានអះអាងថា លោក ត្រាំ គឺជាមេដឹកនាំពិភពលោកតែមួយគត់ដែលមានសមត្ថភាពបញ្ឈប់លោក ពូទីន និងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ទោះបីជាមានការរិះគន់ពីមុនរបស់លោក Trump ចំពោះសម្ព័ន្ធមិត្តណាតូ និងសមភាគីអឺរ៉ុបរបស់លោកក៏ដោយ លោក Nawrocki បានទទូចថាសហរដ្ឋអាម៉េរិកនៅតែជាអ្នកធានាសន្តិសុខនៅអឺរ៉ុប។
គួររម្លឹកថាការដាក់ពង្រាយយោធារបស់សហរដ្ឋអាម៉េរិកនៅប្រទេសអាល្លឺម៉ង់គឺជាចំនួនច្រើនបំផុតនៅអឺរ៉ុប ដែលបច្ចុប្បន្នមានកងទ័ពសកម្មជាង ៣៦,០០០ នាក់បើធៀបនឹងកងទ័ពប្រហែល ១២,០០០នាក់នៅប្រទេសអ៊ីតាលី និង ១០,០០០នាក់ទៀតនៅចក្រភពអង់គ្លេស៕