ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ កិច្ចប្រជុំនេះ ក៏នឹងមានវត្តមានរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ធ្វើជាអធិបតី និងចូលរួមថ្លែងសុន្ទរកថា។
តបតាមការអញ្ជើញរបស់ភាគីចិន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
កិច្ចប្រជុំកម្រិតខ្ពស់នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការលើកកម្ពស់គោលបំណង និងគោលការណ៍ របស់ធម្មនុញ្ញ អ.ស.ប. និងការពង្រឹងប្រព័ន្ធអន្តរជាតិផ្តោតលើ អ.ស.ប.» ដោយមាន លោក វ៉ាង យី រដ្ឋមន្ត្រី ការបរទេស និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន ធ្វើជាអធិបតី និងចូលរួមថ្លែងសុន្ទរកថា។
កំឡុងពេលចូលរួម លោកឧបនាយករដ្ឋមន្ត្រី រំពឹងថានឹងចូលរួម ព្រឹត្តិការណ៍អមដែលពាក់ព័ន្ធ ហើយក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយសមភាគីពីបណ្តាប្រទេសឯទៀត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើបញ្ហានានាដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួមទៅវិញទៅមក៕