ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថាខ្លួនគាំទ្រប្រទេសគុយបា និងបានជំរុញឱ្យសហរដ្ឋអាម៉េរិក «ឈប់ប្រើដំបងតុលាការ» ប្រឆាំងនឹងប្រទេសគុបា។ ការអំពាវនាវរបស់ចិននេះធ្វើឡើងបន្ទាប់ពីអាម៉េរិកបានចោទប្រកាន់អតីតមេដឹកនាំគុយបា លោក Raul Castro ពីបទឃាតកាកម្មលើការបាញ់ទម្លាក់យន្តហោះពីរគ្រឿងក្នុងឆ្នាំ ១៩៩៦ ដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ ដោយមាន៣នាក់ជាជនជាតិអាម៉េរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះថាភាគីអាម៉េរិកគួរតែឈប់ប្រើដំបងទណ្ឌកម្ម និងដំបងតុលាការប្រឆាំងនឹងគុយបា ហើយឈប់គំរាមកំហែងដោយកម្លាំងគ្រប់បែបយ៉ាង។ លោក Guo បន្ថែមថា ចិនគាំទ្រយ៉ាងមុតមាំចំពោះគុយបាក្នុងការការពារអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូរជាតិរបស់ខ្លួន និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ។
គួរកត់សម្គាល់ថាលោក Raul Castro គឺជាប្អូនប្រុសរបស់លោក Fidel Castro ដែលជាសត្រូវដ៏មានឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក ដែលបានដឹកនាំបដិវត្តន៍កុម្មុយនិស្តឆ្នាំ ១៩៥៩ របស់គុយបា។ ការចោទប្រកាន់ប្រឆាំងនឹងលោក Raul Castro គឺកើតចេញពីការបាញ់ទម្លាក់យន្តហោះស៊ីវិលពីរគ្រឿងដែលមានអ្នកបើកយន្តហោះប្រឆាំងលោក Castro ក្នុងឆ្នាំ ១៩៩៦ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួនបួននាក់។ លោក Raul Castro ក៏ត្រូវបានចោទប្រកាន់ពីបទឃុបឃិតគ្នាសម្លាប់ជនជាតិអាម៉េរិក និងបំផ្លាញយន្តហោះ៕