681 ezgif.com resize
Swift cc time

ផ្ទាំងគំនូរលើជញ្ជាំងដ៏ធំ រម្លឹកពីគុណតម្លៃនៃពលករ មីយ៉ាន់ម៉ា និងកម្ពុជា ត្រៀមសម្ពោធនៅទីក្រុងបាងកក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ផ្ទាំងគំនូរលើជញ្ជាំងដ៏ធំមួយដែលមានទំហំកម្ពស់ ១០ ម៉ែត្រ និងទទឹង ១២ ម៉ែត្រ ក្រោមចំណងជើងថា «Together We Build» (រួមគ្នា ដើម្បីកសាង) នឹងត្រូវដាក់សម្ពោធជាផ្លូវការនៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំកណ្តាលតំបន់ស៊ីវិល័យថោងឡរ (Thonglor) ក្នុងទីក្រុងបាងកក។ ពិព័រណ៍សិល្បៈសាធារណៈនេះ ធ្វើឡើង ក្នុងគោលបំណងដាស់តឿនស្មារតីពលរដ្ឋថៃ ឱ្យមើលឃើញពីតម្លៃ និង ទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ពលករចំណាកស្រុកមកពីប្រទេស មីយ៉ាន់ម៉ា និងកម្ពុជា ដែលកំពុងបម្រើការងារធ្ងន់ៗ ក្នុងប្រទេសថៃ។

ផ្ទាំងគំនូរនេះ បង្ហាញពីទិដ្ឋភាពជីវិតពិតរបស់ពលករចំណាកស្រុកចំនួន ១៣ នាក់ (មីយ៉ាន់ម៉ា ១២ នាក់ និង កម្ពុជាម្នាក់) រួមទាំងទារកពីរនាក់ និង សត្វសុនខមួយក្បាល។ រូបភាពទាំងនេះ ត្រូវបានដកស្រង់ចេញពីសាច់រឿងពិតរបស់ក្រុមពលករ ដែលសិល្បករបានជួបពិភាក្សាផ្ទាល់ ក្នុងបំណងចង់ឱ្យប្រជាជនថៃ មានការយល់ចិត្ត បើកចិត្តឱ្យទូលាយ និង លុបបំបាត់ការរើសអើង ឬមើលងាយពលករចំណាកស្រុក។

ស្នាដៃសិល្បៈនេះ ត្រូវបានដឹកនាំដោយសិល្បការិនីជនជាតិភូមា កញ្ញា Chuu Wai រួមជាមួយសិល្បករមីយ៉ាន់ម៉ាពីររូបទៀត ប្រចាំនៅទីក្រុងបាងកក គឺលោក Sai Chit Min និងលោក Khant Win (YG)។ ក្រុមសិល្បករបានរៀបរាប់ថា ពួកគេបានជម្នះការលំបាកជាច្រើន ក្នុងការបង្កើតស្នាដៃនេះ រាប់ចាប់ពីការស្វែងរកទីតាំងជញ្ជាំង ការប្រឈមនឹងការគូរលើទីខ្ពស់ រហូតដល់ការឆ្លុះបញ្ចាំងពីតថភាពដ៏ជូរចត់របស់ពលករ។

គួរជម្រាបថា គម្រោងសិល្បៈសាធារណៈនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ SEA Junction សហការជាមួយកម្មវិធី Ship to Shore Rights នៃអង្គការពលកម្មអន្តរជាតិ (ILO) ក្រោមជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុប និង ដៃគូដទៃទៀត ដោយមានការចូលរួមគូរពីអ្នកស្ម័គ្រចិត្តប្រមាណ ៤០ នាក់ ដើម្បីរួមគ្នាបណ្តុះការយល់ចិត្ត និង បង្ហាញពីការលះបង់ដ៏ធំធេងរបស់ពលករចំណាកស្រុកនៅក្នុងសង្គមថៃ៕

Khcct banner

អត្ថបទទាក់ទង