ភ្នំពេញ៖ សិស្សវិទ្យាល័យពីររូប មកពីវិទ្យាល័យសម្ដេចអគ្គមហាធម្មពោធិសាល ជាស៊ីម ព្រែកអញ្ចាញ សាលារៀនជំនាន់ថ្មី នឹងតំណាងកម្ពុជា នៅសន្និសីទអន្តរជាតិស្តីពី Ethics of Neurotechnology នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅហុងកុង ប្រទេសចិន។ យុវជនទាំងពីររូប រួមមាន សុគន្ធ ពិឡារដេវីដ ជាសិស្សថ្នាក់ទី១២ និង សែន រមនា ជាសិស្សថ្នាក់ទី១០ មកពីវិទ្យាល័យតែមួយ នឹងជួបជាមួយនឹងសិស្សប្រមាណ ៤៥នាក់ ដែលមកពីបណ្តា៣០ប្រទេសផ្សេងទៀត។
សន្និសីទអន្តរជាតិស្តីពី Ethics of Neurotechnology នេះ ត្រូវបានរៀបចំឡើងដោយសមាគម UNESCO ហុងកុង ( The UNESCO Hong Kong Association) ។ សន្និសីទនេះ ផ្តោតលើការពង្រឹងភាពជាអ្នកដឹកនាំ ការគិតជាយុទ្ធសាស្ត្រ និងការគិតពិចារណាស៊ីជម្រៅ ការងារជាក្រុម និងជំនាញក្នុងការចរចា។ សិស្សទាំងពីរ សុគន្ធ ពិឡារដេវីដ ជាសិស្សថ្នាក់ទី១២ និង សែន រមនា ជាសិស្សថ្នាក់ទី១០ នឹងស្ថិតក្រោមការដឹកនាំ លោកគ្រូ កប ណាក់ ដើម្បីចូលរួមក្នុងកម្មវិធីនេះ។
យុវជន សុគន្ធ ពិឡារដេវីដ ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យសម្ដេចអគ្គមហាធម្មពោធិសាល ជាស៊ីម ព្រែកអញ្ចាញ សាលារៀនជំនាន់ថ្មី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា «ខ្ញុំមានចំណាប់អារម្មណ៍ទៅលើកម្មវិធីមួយនេះ ព្រោះកម្មវិធីនេះ នឹងអាចឱ្យខ្ញុំបានជួបតំណាងសិស្សានុសិស្សមកពីប្រទេសជាច្រើនជុំវិញពិភពលោក ដែលនឹងលើកយកអំពីបញ្ហារួមដែលមានវត្តមានក្នុងពិភពលោកទាំងមូល ហើយស្វែងរកដំណោះស្រាយ។ លើសពីនេះទៀត ក្រុមយើងខ្ញុំមានមោទនភាពក្នុងការចូលរួមកិច្ចប្រជុំអន្តរជាតិនេះ ដោយតំណាងប្រទេសកម្ពុជាផ្ទាល់ ដែលជាឱកាសផ្សព្វផ្សាយទៅកាន់ពិភពលោកអំពីភាពអស្ចារ្យនៃប្រទេសកម្ពុជា»។
គួរបញ្ជាក់ថា សែន រមនា ជាសិស្សថ្នាក់ទី១០ បានរៀបរាប់ថា សន្និសីទអន្តរជាតិស្តីពី Ethics of Neurotechnology នេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ក្រុមរបស់ខ្លួន ដោយសារតែនឹងមានការចូលរួមពិភាក្សា ដើម្បីពាំនាំចំណេះដឹងថ្មីៗ សម្បូរបែបដែលមិនមានបង្រៀននៅក្នុងសាលា យល់ដឹងអំពីបញ្ហាពិភពលោកកំពុងជួបប្រទះ ព្រមទាំងការចូលរួមជាផ្នែកមួយក្នុងការដោះស្រាយវិបត្តិទាំងនោះ។ លើសពីនេះទៅទៀត កម្មវិធីនឹងមានការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ពីបណ្ដាប្រទេសដទៃ ដែលជាបទពិសោធន៍ដ៏កម្រមួយដល់យុវជនខ្មែរ និងទំនាក់ទំនងអន្តរជាតិ៕