ហៃណាន៖ សហគ្រាសទេសចរណ៍ធំៗ និង INFLUENCERS ល្បីៗ នៅខេត្តហៃណាន សាទរការលើកលែងទិដ្ឋាការដល់ប្រជាជនចិនរបស់កម្ពុជា ដោយប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរចិនមកកម្ពុជាឱ្យលើសពីចំនួន៣០០.០០០នាក់ដែលកំពុងមានស្រាប់ និងសន្យានាំភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបាន៥០ម៉ឺននាក់ក្នុងឆ្នាំ២០២៦ តាមរយៈកម្មវិធីលើកលែងទិដ្ឋាការ និងយុទ្ធនាការផ្សព្វផ្សាយរដូវកាលបៃតងនេះ។ ការប្រកាសនេះ ធ្វើឡើងកំឡុងពេលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សា និងផ្សព្វផ្សាយពីយុទ្ធនាការដល់ភាគីចិន នៅខេត្តហៃណាន ប្រទេសចិន។
នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សានេះ សហគ្រាសទេសចរណ៍ចម្រុះដែលគ្រប់គ្រងដោយរដ្ឋ និងសហគ្រាសទេសចរណ៍ឯកជនទាំង១៥ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ចូលទស្សនា និងស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ និងសន្យា នឹងប្រឹងប្រែងបន្ថែមក្នុងការនាំភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបាន៥០ម៉ឺននាក់ក្នុងឆ្នាំ២០២៦ តាមរយៈកម្មវិធីលើកលែងទិដ្ឋាការ និងយុទ្ធនាការផ្សព្វផ្សាយរដូវកាលបៃតងនេះ។ គួរបញ្ជាក់ផងដែរថា សហគ្រាសទេសចរណ៍ទាំងអស់នេះ បានសហការយ៉ាងសកម្មក្នុងការនាំភ្ញៀវទេសចរចិនទៅទស្សនាកម្ពុជា បានច្រើនជាង៣០ម៉ឺននាក់ ចាប់តាំងពីឆ្នាំ២០១៦ មក។
លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីចិនជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដ៏ទាក់ទាញរបស់កម្ពុជា រួមជាមួយការលើកលែងទិដ្ឋាការជូនប្រជាជនចិនពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខឱ្យបានទូលំទូលាយដល់ប្រជាជននៅខេត្តហៃណាន និងតំបន់ផ្សេងៗទៀតរបស់ចិនផងដែរ។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការរៀបចំកញ្ចប់ទេសចរណ៍ពិសេស ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM TRIP) សម្រាប់ក្រុមហ៊ុនទេសចរណ៍ សារព័ត៌មាន និងអ្នកផលិតមាតិកាទេសចរណ៍ (TRAVEL INFLUENCERS) ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការពង្រឹងកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងការជំរុញលំហូរទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើន៕