681 ezgif.com resize
Swift cc time

អាម៉េរិក ចោទអតីតប្រធានាធិបតី«គុយបា»វ័យ៩៤ឆ្នាំ ពីបទឃាតកម្មលើការបាញ់ទម្លាក់យន្តហោះពីរគ្រឿងក្នុងឆ្នាំ ១៩៩៦

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អតីតមេដឹកនាំគុយបាលោក Raúl Castro ដែលមានវ័យ ៩៤ឆ្នាំ

អាម៉េរិក៖ សហរដ្ឋអាម៉េរិកបានចោទប្រកាន់អតីតមេដឹកនាំគុយបាលោក Raúl Castro ដែលមានវ័យ ៩៤ឆ្នាំពីបទឃុបឃិតគ្នាសម្លាប់ពលរដ្ឋអាម៉េរិក និងបទឧក្រិដ្ឋផ្សេងទៀតលើការបាញ់ទម្លាក់យន្តហោះពីរគ្រឿងក្នុងឆ្នាំ ១៩៩៦ រវាងប្រទេសគុយបា និងរដ្ឋផ្លរីដា។ ហេតុការណ៍នេះបានកើតមានកាលពី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៩៦ នៅពេលដែលយន្តហោះចម្បាំងគុយបាបានបាញ់ទម្លាក់យន្តហោះ Cessna ស៊ីវិលគ្មានអាវុធពីរគ្រឿង ដែលដំណើរការដោយក្រុម Brothers to the Rescue ដែលជាក្រុមនិរទេសខ្លួនគុយបាដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមី។ ក្រុមនេះកំពុងបំពេញបេសកកម្មស្វែងរក និងជួយសង្គ្រោះ ដើម្បីស្វែងរកទូកក្ដោងគុយបាដែលកំពុងរត់គេចខ្លួនឆ្លងកាត់ច្រកសមុទ្រផ្លរីដា ដោយ ការវាយប្រហារនោះបានសម្លាប់មនុស្សទាំងបួននាក់នៅលើយន្តហោះទាំងពីរ។

ថ្លែងនៅឯអគារ Freedom Tower ក្នុងទីក្រុង Miami រដ្ឋអាជ្ញាស្តីទី Todd Blanche បានប្រកាសថា សហរដ្ឋអាម៉េរិកក៏នឹងចោទប្រកាន់លោក Castro ពីបទបំផ្លាញយន្តហោះ និងបទចោទប្រកាន់បុគ្គលចំនួនបួនករណីពីបទឃាតកម្មលើការស្លាប់របស់ពលរដ្ឋអាម៉េរិក ៣នាក់ក្នុងការធ្លាក់យន្តហោះ។ លោក Blanche បានមានប្រសាសន៍ថាសហរដ្ឋអាម៉េរិក និងលោកប្រធានាធិបតី Trump មិនភ្លេច រឿងដែលកើតឡើងចំពោះពលរដ្ឋរបស់ខ្លួនឡើយ។

គួររម្លឹកថាលោក Raúl Castro វ័យ ៩៤ ឆ្នាំ គឺជាប្រធានកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសគុយបា ហើយបានប្រឈមមុខនឹងការថ្កោលទោសពីអន្តរជាតិចំពោះការធ្លាក់យន្តហោះនេះ។ ខណៈពេលដែលសហរដ្ឋអាម៉េរិកកំពុងស្វែងរកការដាក់សម្ពាធកាន់តែខ្លាំងឡើងលើការគ្រប់គ្រងរបស់កុម្មុយនិស្តគុយបា ប្រធានាធិបតី Miguel Díaz-Canel បានហៅការចោទប្រកាន់ទាំងនេះថាជាល្បិចនយោបាយដែលគ្មានមូលដ្ឋានច្បាប់ណាមួយត្រឹមត្រូវ៕

Khcct banner

អត្ថបទទាក់ទង