អង់គ្លេស៖ ស្ថាប័នគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស (Ofcom) បានរិះគន់ក្រុមហ៊ុន TikTok និង YouTube យ៉ាងខ្លាំង ដោយបានលើកឡើងនៅក្នុងរបាយការណ៍ថ្មីមួយថា ផ្ទាំងផ្តល់មាតិកា (Feeds) របស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងពីរនេះ គឺ «មិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់» សម្រាប់អ្នកប្រើប្រាស់ជាកុមារនោះឡើយ។
យោងតាមការចុះផ្សាយរបស់កាសែត BBC ការរកឃើញនេះបានធ្វើឡើងបន្ទាប់ពីការស្ទង់មតិមួយបានបង្ហាញថា កុមារដែលមានអាយុចន្លោះពី ៨ ដល់ ១២ ឆ្នាំ រហូតដល់ទៅ ៨៤% នៅតែបន្តប្រើប្រាស់បណ្តាញសង្គមខ្នាតធំទាំងនេះ បើទោះបីជាមានការកំណត់អាយុអប្បបរមាចាប់ពី ១៣ ឆ្នាំឡើងទៅក៏ដោយ។ Ofcom បានគូសបញ្ជាក់ថា ទាំង TikTok និង YouTube សុទ្ធតែខកខានក្នុងការប្តេជ្ញាចិត្តផ្លាស់ប្តូរប្រព័ន្ធស្នូល ដើម្បីកាត់បន្ថយការបញ្ជូនមាតិកាគ្រោះថ្នាក់ទៅកាន់កុមារ ខុសប្លែកពីក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀតដូចជា Meta, Snap និង Roblox ដែលបានយល់ព្រមដាក់ចេញវិធានការតឹងរ៉ឹងជាងមុន ដើម្បីប្រឆាំងនឹងការល្បួងកុមារតាមអនឡាញ។
ជាការឆ្លើយតប ក្រុមហ៊ុន YouTube និង TikTok បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍នេះ ដោយពួកគេបានការពារខ្លួនថា កម្មវិធីរបស់ខ្លួនមានមុខងារសុវត្ថិភាពរួចជាស្រេចទៅហើយ។ មុខងារទាំងនោះរួមមាន ការបិទប្រព័ន្ធផ្ញើសារផ្ទាល់ (Direct Messaging) សម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំនៅលើ TikTok និងការដាក់ឱ្យប្រើប្រាស់មុខងារកំណត់ម៉ោងសម្រាប់ទស្សនាវីដេអូខ្លី (Shorts) នៅលើ YouTube ជាដើម។
ជុំវិញករណីនេះ លោក Matt Navarra អ្នកវិភាគបណ្តាញសង្គមបានលើកឡើងថា ការរិះគន់របស់ Ofcom បានបង្ហាញពីការផ្លាស់ប្តូរនៃរបៀបវារៈជជែកដេញដោល។ លោកថា កាលពីមុន គេច្រើនសួរថាតើផ្លែតហ្វមនោះលុបមាតិកាគ្រោះថ្នាក់បានលឿនកម្រិតណា ប៉ុន្តែពេលនេះការផ្តោតបានប្តូរមកជាសំណួរថាហេតុអ្វីបានជាផ្លែតហ្វមបណ្តោយឱ្យមាតិកាទាំងនោះបង្ហាញទៅកាន់កុមារតាំងពីដំបូងទៅវិញ ដែលនេះគឺជា«បញ្ហាផលិតផល»(Product Problem)។
លោកស្រីសាស្ត្រាចារ្យ Victoria Baines អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពអនឡាញ បានបន្ថែមថា ផ្អែកលើបទពិសោធន៍ដែលទទួលបានជោគជ័យតិចតួចក្នុងការលុបគណនីកុមារនៅប្រទេសអូស្ត្រាលី វាអាចទៅរួចដែលផ្លែតហ្វមនានានឹងត្រូវបង្ខំចិត្តប្រើប្រាស់ «ទិន្នន័យអាកប្បកិរិយា» បន្ថែមទៀត ដូចជាការតាមដានមើលថា តើអ្នកប្រើប្រាស់កំពុងទស្សនា ឬជជែកកំសាន្តអំពីអ្វី ដើម្បីផ្ទៀងផ្ទាត់និងកំណត់អាយុពិតប្រាកដរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព ដែលនឹងឈានទៅរកការអនុវត្តច្បាប់ដ៏តឹងរ៉ឹងមួយ នាពេលខាងមុខ។
គួរបញ្ជាក់ថា Ofcom គឺជាស្ថាប័នគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស មានភារកិច្ចទទួលខុសត្រូវលើការត្រួតពិនិត្យ និងគ្រប់គ្រងឧស្សាហកម្មទំនាក់ទំនងនានារបស់ចក្រភពអង់គ្លេស រួមមាន៖ ទូរទស្សន៍, វិទ្យុ, អ៊ីនធឺណិត, ប្រព័ន្ធទូរគមនាគមន៍ខ្សែរត់ថេរ (ទូរស័ព្ទតុ) និងទូរស័ព្ទចល័ត, សេវាប្រៃសណីយ៍ ព្រមទាំងប្រព័ន្ធរលកសញ្ញាឥតខ្សែ (Wireless Spectrum) ដែលប្រើប្រាស់ដោយឧបករណ៍ផ្សេងៗ ដូចជាទូរស័ព្ទឥតខ្សែ និងសោឡានជាដើម៕