យ៉ាងហ្គូន៖ របបសឹកមីយ៉ាន់ម៉ាបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានវាយដណ្តើមគ្រប់គ្រងទីក្រុងពាណិជ្ជកម្មព្រំដែន ម៉ត់ថោង (Mawtaung) ក្នុងតំបន់តានីនថារី (Tanintharyi) ជាប់ព្រំដែនថៃត្រឡប់មកវិញហើយ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានបើកប្រតិបត្តិការវាយបកយ៉ាងក្តៅគគុកអស់រយៈពេល ១៥ ថ្ងៃ ប្រឆាំងនឹងកងកម្លាំងតស៊ូការ៉ែន។
យោងតាមការចុះផ្សាយរបស់កាសែតខាវស៊ត សហភាពជាតិការ៉ែន (KNU) ដែលបានគ្រប់គ្រងទីក្រុងនេះតាំងពីខែវិច្ឆិកាឆ្នាំមុន បានបញ្ជាក់ពីការដកថយនេះ ដោយសារតែមិនអាចទប់ទល់នឹងការវាយប្រហារតាមអាកាស អាវុធធុនធ្ងន់ និងកម្លាំងយោធាដ៏លើសលប់របស់ក្រុមរបបសឹកមីយ៉ាន់ម៉ា (Junta) បាន បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវទាំងធំទាំងតូចជាង ២០០ លើក ដែលបណ្តាលឱ្យអ្នកប្រយុទ្ធខាងកងកម្លាំងតស៊ូយ៉ាងហោចណាស់ ២៤ នាក់បានបាត់បង់ជីវិត។
ការវាយប្រហារយ៉ាងគំហុកដើម្បីដណ្តើមទីក្រុងពាណិជ្ជកម្មព្រំដែននេះ បានបង្ខំឱ្យប្រជាពលរដ្ឋក្នុងតំបន់ និងភូមិជុំវិញចំនួន ៩ ទៀត យ៉ាងហោចណាស់ ៤,០០០ នាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីសុវត្ថិភាព។
ក្រៅពីបង្កផលប៉ះពាល់ដល់អាយុជីវិតពលរដ្ឋស៊ីវិល ជម្លោះប្រដាប់អាវុធនេះក៏បានបណ្តាលឱ្យច្រកទ្វារពាណិជ្ជកម្មឆ្លងដែន និងផ្លូវព្រំដែនរវាងម៉ៃយីក (Myeik) និងម៉ត់ថោង (Mawtaung) ដែលជាផ្លូវដឹកជញ្ជូនទំនិញចូលទៅកាន់ខេត្តប្រាឈួប គីរីខាន់ (Prachuap Khiri Khan) របស់ថៃ ត្រូវបិទទ្វារទាំងស្រុង ដែលច្រកព្រំដែននេះធ្លាប់មានទំហំពាណិជ្ជកម្មរហូតដល់ ២៦,៧ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣-២០២៤។