បាងកក៖ ការិយាល័យព្រះបរមរាជវាំងថៃ នៅថ្ងៃ ២១ ឧសភានេះ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីព្រះរាជសុខភាពរបស់ព្រះអង្គម្ចាស់ក្សត្រី ផាត់ឆារ៉ាគីទិយាផា(Bajrakitiyabha) ដោយបានបញ្ជាក់ថា ព្រះរាជសុខភាពរបស់ព្រះអង្គមានសភាពទ្រុឌទ្រោមខ្លាំង ដោយសារតែការឆ្លងមេរោគធ្ងន់ធ្ងរដែលមិនទាន់អាចគ្រប់គ្រងបាននៅឡើយ។
យោងតាមសេចក្តីថ្លែងការណ៍ ក្រុមគ្រូពេទ្យថៃ បានរកឃើញការឆ្លងមេរោគនៅក្នុងព្រះឧទរ (ពោះ) កាលពីខែមេសាកន្លងទៅ បង្កឡើងដោយការរលាកពោះវៀនធំ។ គ្រូពេទ្យថៃពន្យល់ថា ការឆ្លងមេរោគនេះ បានបណ្តាលឱ្យព្រះរោគសញ្ញាមិនមានលំនឹង រួមមានព្រះសម្ពាធលោហិតចុះទាប (សម្ពាធឈាមធ្លាក់ចុះ) ចង្វាក់ព្រះហឫទ័យមិនទៀងទាត់ (ចង្វាក់បេះដូងខុសប្រក្រតី) និង ការកកឈាមខុសប្រក្រតី។
បើតាមសេចក្តីថ្លែងការណ៍ ទោះបីជាមានការបន្តប្រើប្រាស់ឧបករណ៍ជំនួយជីវិតសម្រាប់ព្រះមហាស្ទង់ និងព្រះវក្កៈ (សួត និងតម្រងនោម) រួមទាំងការថ្វាយព្រះឱសថផ្សះជាច្រើនមុខ និងឱសថនានាដើម្បីធ្វើឱ្យព្រះសម្ពាធលោហិត និងចង្វាក់ព្រះហឫទ័យមានលំនឹងយ៉ាងណាក៏ដោយ ក៏ការឆ្លងមេរោគនេះបានវិវត្តទៅរកសភាពកាន់តែអាក្រក់ ហើយបច្ចុប្បន្នកំពុងជះឥទ្ធិពលដល់សរីរាង្គសំខាន់ៗជាច្រើន។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រី ផាត់ឆារ៉ាគីទិយាផា បានទទួលការពិនិត្យព្យាបាលជាបន្តបន្ទាប់ ចាប់តាំងពីព្រះអង្គបានដួលសន្លប់បាត់បង់ព្រះស្មារតី ដោយសារព្រះរោគព្រះហឫទ័យ (ជំងឺបេះដូង) កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។ ព្រះអង្គម្ចាស់ក្សត្រីផាត់ឆារ៉ាគីទិយាផា គឺជាព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn)៕