បាត់ដំបង៖ ពលរដ្ឋម្នាក់បានស្លាប់ ក្រោយពីបានប៉ះគ្រាប់យុទ្ធភ័ណ្ឌចាស់មិនទាន់ផ្ទុះ បណ្តាលឱ្យផ្ទុះស្លាប់ នាថ្ងៃទី២០ ឧសភា វេលាម៉ោង១០:២៥នាទី នៅក្នុងចម្ការចន្ទី ក្រុមទី០៨ ភូមិបឡាង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
តាមការបំភ្លឺរបស់លោកស្រី ហូ ចាន់នៅ ភេទស្រី អាយុ ៤៦ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា នៅម៉ោង០៧:០០នាទី ប្តីរបស់ខ្លួនឈ្មោះ ង៉ែត ធឿន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅក្រុមទី០៨ ភូមិបឡាង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានចេញទៅបាញ់ស្មៅចម្ការចន្ទីតែម្នាក់ឯង។ លុះដល់ម៉ោង១០:២៥នាទី ប្រពន្ធបានឮសម្លេងផ្ទុះគ្រាប់ក្នុងចម្ការ រួចទៅពិនិត្យ ហើយបានឃើញប្តីដេកផ្កាប់មុខស្លាប់ក្បែរគុម្ពចេក ជ្រលងកូនអូរ ក្នុងចម្ការចន្ទី។
យោងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ច ជនរងគ្រោះ បានប៉ះគ្រាប់យុទ្ធភ័ណ្ឌចាស់ ដែលនៅកន្ទុយដីក្នុងចម្ការ បណ្តាលឱ្យផ្ទុះ និងស្លាប់ជាយថាហេតុ។ បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕