ហាណូយ៖ សាលាដំបូងប្រជាជនទីក្រុងហាណូយ កាលពីថ្ងៃ ពុធ បានបើកសវនាការជំនុំជម្រះដំណាក់កាលដំបូងលើលោកស្រី Nguyen Thi Kim Tien អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមនឹងជនជាប់ចោទ ៩ នាក់ផ្សេងទៀត ពីបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ នៅក្រសួងសុខាភិបាល និង អង្គភាពពាក់ព័ន្ធ។ ក្នុងចំណោមជនជាប់ចោទ លោកស្រី Tien និងបក្ខពួក ៦ នាក់ទៀត ជាអតីតមន្ត្រីក្រសួង និង ជាអ្នកជំនួញ ត្រូវបានចោទប្រកាន់ពីបទ «រំលោភលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រង និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ បង្កឱ្យមានការខាតបង់ និងខ្ជះខ្ជាយ»។ ដោយឡែក ជនជាប់ចោទ ៣ នាក់ផ្សេងទៀត ត្រូវប្រឈមនឹងបទចោទប្រកាន់បន្ថែមពីបទ «ទទួលសំណូក» និង «កេងប្រវ័ញ្ចទ្រព្យសម្បត្តិដោយការបោកប្រាស់»។
យោងតាមសារព័ត៌មាន VNExpress អតីតប្រធានក្រុមប្រឹក្សាគ្រប់គ្រងគម្រោងវេជ្ជសាស្ត្រ លោក Nguyen Chien Thang គឺមានជាប់ពាក់ព័ន្ធក្នុងការអនុម័តលើការជួលទីប្រឹក្សាបរទេស សម្រាប់គម្រោងសាងសង់ទីតាំងទីពីរនៃមន្ទីរពេទ្យ Bach Mai និង មន្ទីរពេទ្យ Viet Duc ដែលសកម្មភាពនេះបានបង្កឱ្យរដ្ឋខាតបង់ថវិកាដំបូងអស់ជាង ៧០ ប៊ីលីយោនដុង (ប្រហែល ២,៦៥ លានដុល្លារ ហើយពន្យាពេលការសាងសង់គម្រោង នាំឱ្យខ្ជះខ្ជាយទ្រព្យសម្បត្តិរដ្ឋបន្ថែមអស់ជាង ៧៣៣ ប៊ីលីយោនដុង (សរុបការខាតបង់ និងខ្ជះខ្ជាយក្នុងគម្រោងទាំងមូលមានចំនួនជាង ៨០០ ប៊ីលីយោនដុង)។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ន វៀតណាម កំពុងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ «កាត់សាច់ស្អុយ» ដើម្បីលុបបំបាត់អំពើពុករលួយក្នុងបណ្ដាអង្គភាពរដ្ឋ និង ធានានូវសង្គមប្រកបដោយភាពស្អាតស្អំ និងយុត្តិធម៌។ ការចាត់វិធានការច្បាប់លើមន្ត្រីជាន់ខ្ពស់នាពេលនេះ ត្រូវបានមើលឃើញថា ជាសក្ខីកម្មដ៏ច្បាស់លាស់មួយ នៃកិច្ចប្រឹងប្រែងធ្វើកំណែទម្រង់ និង ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឥតថយក្រោយរបស់ប្រទេសវៀតណាម។