ភ្នំពេញ៖ ក្លឹបធរណីវិទ្យាកម្ពុជា រៀបចំកម្មវិធីប្រកួតប្រជែងផែនដីវិទ្យាលើកទី៦ សម្រាប់សិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដើម្បីបណ្តុះស្មារតី និងពង្រឹងសមត្ថភាពយុវជន។ ឆ្នាំ២០២៦នេះ កម្មវិធីប្រកួតធ្វើឡើងក្រោមប្រធានបទ «បរិវត្តកម្មវិទ្យាសាស្រ្តផែនដីដើម្បីអ្នកជំនាន់ក្រោយ» ដោយផ្ដោតទៅលើការអប់រំ និងការបណ្ដុះបណ្ដាលក្មេងៗ ឬសិស្សានុសិស្សជំនាន់ក្រោយឱ្យយល់ច្បាស់ពីផែនដី និងបរិស្ថានវិទ្យា។
ក្លឹបធរណីវិទ្យាកម្ពុជា ជាក្លឹបដែលបង្កើតឡើងដោយគ្រូបង្រៀនឯកទេសផែនដីវិទ្យា និងសិស្ស-និស្សិត ដែលជាក្លឹបដែលមិនស្វែងរកប្រាក់ចំណេញ។ ក្លឹបធរណីវិទ្យាកម្ពុជាបានរៀបចំនូវកម្មវិធីចម្រុះផ្សេងៗជាច្រើន មានចក្ខុវិស័យក្នុងការអភិវឌ្ឍសមត្ថភាពអ្នកសិក្សាឱ្យស្របតាមបរិបថសតវត្សរ៍ថ្មី និងមានបេសកកម្មបង្កើតការចុះស្រាវជ្រាវដល់តំបន់សិក្សា ប្រមូលផ្តុំចងក្រង និង បោះពុម្ពឯកសារឱ្យមានលក្ខណៈសម្បូរបែប ជាពិសេសផ្នែកធរណីវិទ្យានៅក្នុងប្រទេស រួមជាមួយការបង្កើតកម្មវិធីប្រកួតប្រជែងដែលមានលក្ខណៈស្តង់ដា ដើម្បីបណ្តុះស្មារតី និងពង្រឹងសមត្ថភាពយុវជនឱ្យស្របបំណិនសតវត្សរ៍ ទី២១ បង្កើតកម្មវិធីសហគមន៍ និងចែករំលែកចំណេះដឹង ដើម្បីបង្កើនវប្បធម៌ចែករំលែក។
ឆ្នាំនេះ ជាឆ្នាំទី៦ហើយដែលក្លឹបធរណីវិទ្យាកម្ពុជា បានរៀបចំកម្មវិធីប្រកួតប្រជែងផែនដីវិទ្យា។ ក្លឹបមានជំនឿជឿថា នៅពេលយុវជនមានចំណេះដឹងផ្នែកវិទ្យាសាស្ត្ររឹងមាំ ពួកគេនឹងក្លាយជាអ្នកដឹកនាំដែលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាព។ការប្រឡងនឹងធ្វើឡើងនៅថ្ងៃទី១២ កក្កដា ២០២៦ ដែលនឹងធ្វើឡើងតាមអនឡាញ (១ជុំ)។ គួរបញ្ជាក់ថា ថវិកាដែលនៅសល់ពីការរៀបចំកម្មវិធីនឹងត្រូវបានប្រើប្រាស់នៅកម្មវិធីបន្ទាប់គឺ កម្មវិធីដាំដើមឈើ ប្រចាំឆ្នាំ២០២៦។
លក្ខខណ្ឌ ដែលសិស្សអាចចូលរួមប្រកួតរួមមាន ជាសិស្សកំពុងសិក្សាពីថ្នាក់ទី ៧ ដល់ទី ១២ ហើយ មានឧបករណ៍ (Device) យ៉ាងតិចចំនួន ២ ដែលមានអ៊ីនធីណែតល្អ អាចប្រឡងអនឡាញបាន។ វិញ្ញាសាប្រឡងនឹងធ្វើជាជាពហុជ្រើសរើស (QCM)។ ជ័យលាភីមេដាយ៖ មេដាយមាស កម្រិតពិន្ទុ (៩០-១០០), មេដាយប្រាក់ កម្រិតពិន្ទុ (៨០-៨៩), មេដាយសំរឹទ្ធ កម្រិតពិន្ទុ (៦៥-៧៩)។ កម្រិតនៃការបែងចែកមេដាយនេះត្រូវបានយកគំរូតាមការប្រឡងអន្តរជាតិ (Olympiad) ដែលជាកម្រិតបែងចែកស្តង់ដា។ សិស្សដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះ ៖ https://forms.gle/aaezTqGXGNV4tyAG6 ឱ្យបានត្រឹមថ្ងៃទី១៤ មិថុនា ២០២៦ | ១១:៥៩យប់៕