ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា ប្រកាសទទួលពាក្យសម្រាប់អ្នកសិក្សាស្រាវជ្រាវ ទៅសិក្សាស្រាវជ្រាវនៅគ្រឹះស្ថានឧត្តមសិក្សា ឬស្ថាប័នស្រាវជ្រាវនៅប្រទេសបារាំងរយៈពេល ២ខែ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។គោលបំណងដែលស្ថានទូតគាំទ្រនេះ គឺដើម្បីចូលរួមគាំទ្រនិក្ខេបបទ អភិវឌ្ឍការបោះពុម្ពផ្សាយ ឬការរៀបចំសន្និសីទ ពង្រឹងភាពជាដៃគូ បង្កើតបណ្តាញស្រាវជ្រាវ និងផ្តួចផ្តើមកិច្ចសហប្រតិបត្តិការថ្មីបែបវិទ្យាសាស្ត្រភាសាបារាំង។ កម្មវិធីនេះ នឹងបិទទទួលពាក្យនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីដាក់ពាក្យបេក្ខជនត្រូវតែជាជនជាតិខ្មែរដែលមានអាយុមិនលើសពី ៤៥ឆ្នាំ និងមានគម្រោងការពារនិក្ខេបបទ ឬកំពុងធ្វើនិក្ខេបបទណាមួយ ។
បន្ថែមពីនេះ បេក្ខជនត្រូវត្រៀមឯកសារមួយចំនួនដូចជា ច្បាប់ចម្លងអត្តសញ្ញាណបណ្ណ, សញ្ញាបត្រថ្នាក់ឧត្តមសិក្សាដែលទើបនឹងបញ្ចប់ការសិក្សា, ប្រវត្តិរូបសង្ខេប Motivation letter, គម្រោងស្រាវជ្រាវ, recommendation letter, លិខិតឆ្លងដែន, លិខិតអនុញ្ញាតឱ្យចូលសិក្សាពីស្ថាប័នសិក្សានៅបារាំង ដែលមានបញ្ជាក់ពីកាលបរិច្ឆេទស្នាក់នៅ។
គួរបញ្ជាក់ថា កម្មវិធីនឹងផ្គត់ផ្គង់ទាំងអស់លើថ្លៃធ្វើដំណើរ ការស្នាក់នៅ និងការចំណាយផ្សេងៗ។ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍អាចចូលទៅអានព័ត៌មានបន្ថែម និងដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។