ប៉េកាំង៖ ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងក្លានៅទូទាំងភាគកណ្តាល និងភាគខាងត្បូងប្រទេសចិនចាប់តាំងពីចុងសប្តាហ៍បានកើនឡើងដល់ ២២ នាក់ និងមនុស្សប្រមាណ ២០នាក់ទៀតបាត់ខ្លួន ដោយហេដ្ឋារចនាសម្ព័ន្ធនារងការខូចខាតជាខ្លាំង។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចេញផ្សាយនៅថ្ងៃពុធនេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួរ បានអះអាងនៅថ្ងៃពុធនេះថាមាន មនុស្សប្រាំនាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង ១១ នាក់ផ្សេងទៀតបាត់ខ្លួននៅក្នុងខេត្ត Hunan ភាគកណ្តាលនៃប្រទេសចិន ដោយមនុស្សជាង ៦១,៥០០ នាក់នៅក្នុងខេត្តមួយជាច្រើនបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជន់លិចយ៉ាងខ្លាំងក្លាមិនធ្លាប់មាន។
បើតាមកាសែតស៊ីនហួរដដែល នៅតំបន់ភាគខាងត្បូងនៃខេត្តក្វាងស៊ី មនុស្ស ១០ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់កាលពីថ្ងៃអង្គារ បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេដែលកំពុងហូរខ្លាំង។ ការស្លាប់ដំបូងនៅក្នុងឧប្បត្តិហេតុនេះត្រូវបានរាយការណ៍នៅថ្ងៃអាទិត្យ ដោយខេត្តគុយចូវក៏ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានមនុស្ស ៤ នាក់ស្លាប់ និង ៥ នាក់ទៀតបាត់ខ្លួន។ នៅភាគខាងជើងនៅខេត្តហ៊ូប៉ី មានមនុស្ស ៣ នាក់ស្លាប់ និង ៤ នាក់បាត់ខ្លួនក្នុងទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។
ជាការឆ្លើយតបរដ្ឋាភិបាលចិនបានបែងចែកថវិកាសង្គ្រោះគ្រោះមហន្តរាយចំនួន ១២០ លានយ័ន (១៧,៦ លានដុល្លារអាម៉េរិក) សម្រាប់តំបន់ដែលរងផលប៉ះពាល់ចំនួនប្រាំកាលពីថ្ងៃអង្គារដោយមានថវិកាបន្ថែមចំនួន ៣០ លានយ័នក៏ត្រូវបានបែងចែកសម្រាប់ខេត្តគុយចូវ ដែលបានរងការ "ខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ" យ៉ាងធ្ងន់ធ្ងរ៕