ភ្នំពេញ៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) រៀបចំកម្មវិធី Mekong-Lancang Peace Boat រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែសីហា នៅប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឱ្យអ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ មន្ត្រីរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ដែលនៅក្នុងប្រទេសដែលមានទន្លេមេគង្គ ពង្រឹង និងបង្កើនការយល់ដឹងអំពីកិច្ចការទន្លេមេគង្គ និងទំនាក់ទំនងអន្តរជាតិ។ កម្មវិធីនេះ នឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីដាក់ពាក្យចូលរួមកម្មវិធីនេះ បេក្ខជនត្រូវមានអាយុចាប់ពី២០ ដល់៤០ឆ្នាំ និងជាអ្នកសិក្សា អ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ មន្ត្រីរដ្ឋាភិបាល ឬអ្នកសារព័ត៌មាន ដែលមានជំនាញពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រនយោបាយ សិក្សាសង្គម ឬវិស័យពាក់ព័ន្ធ ព្រមទាំងមានចំណេះដឹងអំពីកិច្ចការទន្លេមេគង្គ និងទំនាក់ទំនងអន្តរជាតិ។ បេក្ខជនទាំងអស់ត្រូវតែអាចប្រើប្រាស់ភាសាអង់គ្លេស និងអាចចូលរួមកម្មវិធីទាំងមូលបានយ៉ាងពេញលេញ។
យោងតាមប្រភពដដែល តាមរយៈកម្មវិធីនេះសិក្ខាកាមដែលចូលរួមនឹងទទួលបានអត្ថប្រយោជន៍ដូចជា ទទួលបានការបណ្តុះបណ្តាលទាក់ទងនឹងទំនាក់ទំនងអន្តរជាតិដែលរួមមាន កិច្ចការការទូតសម្រាប់ប្រទេសក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍ សមាហរណកម្មសេដ្ឋកិច្ច និងពានិជ្ជកម្ម កិច្ចសហប្រតិបត្តិការ Mekong-Lancang គោលនយោបាយការបរទេសចិនចំពោះអាស៊ីអាគ្នេយ៍ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ អភិបាលកិច្ចធនធានទឹក និងការគ្រប់គ្រងវិបត្តិ និងការឆ្លើយតបគ្រោះមហន្តរាយនៅតំបន់មេគង្គ។ សិក្ខាកាម នឹងមានឱកាសចុះសហគមន៍ និងទស្សនកិច្ចទៅកាន់ស្ថាប័នពាក់ព័ន្ធនឹងគោលបំណងកម្មវិធី។
គួរបញ្ជាក់ថា កម្មវិធីនឹងគ្រប់ដណ្តប់លើការធ្វើដំណើរ កន្លែងស្នាក់នៅ និងនាវាកម្សាន្ត និងរាល់ការចំណាយអំឡុងពេលកម្មវិធី។ បេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦៕