681 ezgif.com resize
Swift cc time

កម្មវិធី BEEP ផ្តល់ក្តីសង្ឃឹមថ្មីដល់យុវជនបោះបង់ការសិក្សាឱ្យទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារនិងប្រាក់ខែសមរម្យ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

បាត់ដំបង៖ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP) បានអនុញ្ញាតឱ្យយុវជនបោះបង់ការសិក្សា និងក្រៅប្រព័ន្ធសិក្សា អាចបន្តការសិក្សារបស់ខ្លួន ដោយមិនប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ ដោយសិក្សាតាមប្រព័ន្ធអនឡាញពីចម្ងាយ។ កម្មវិធីនេះត្រូវបានអនុវត្តដោយក្រសួងការងារ និងក្រសួងអប់រំ ដោយមានការគាំទ្រពីអង្គការ UNESCO និងដៃគូអភិវឌ្ឍន៍ដទៃទៀតដែលបានក្លាយជាគំរូដ៏ល្អមួយនៃកិច្ចសហការរវាងក្រសួង។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) រួមមាន អង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងអង្គការ ILO, SDC, UNESCO និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតធ្វើទស្សនកិច្ចការអនុវត្តកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP) នៅវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) ដើម្បីឈ្វេងយល់ពីដំណើរការនិងផលជះវិជ្ជមាននៃកម្មវិធីក្នុងការគាំទ្រដល់សិស្សដែលបោះបង់ការសិក្សា ការអភិវឌ្ឍជំនាញ ក៏ដូចជាពីបញ្ហាប្រឈម និងការងារអនាគតសម្រាប់សិក្ខាកាមបន្ទាប់ពីចប់ការសិក្សា។

រដ្ឋមន្រ្តីក្រសួងការងារ បានគូសបញ្ជាក់ថា កម្មវិធី BEEP គឺជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់យុវជនមកកាន់ការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាផ្លូវការឡើងវិញ ដែលផ្តល់ឱកាសការងារតាមតម្រូវការទីផ្សារដ៏ច្រើន។ សិស្សនៅមណ្ឌលសិក្សានៃកម្មវិធី BEEP បានឡើងបង្ហាញបទពិសោធ និងភាពជោគជ័យរបស់ខ្លួនជូនគណៈប្រឹក្សាភិបាល។ យុវតី ស៊ឹម ធារ៉ា បាននិយាយថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតថ្នាក់ទី ៩ នាងបានចុះឈ្មោះរៀនជំនាញអគ្គិសនីកម្រិត C1, C2 និង C3 រហូតចប់ ហើយបានបន្តកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសក្នុងជំនាញដដែល។

តំណាងទីភ្នាក់ងារអង្គការ UN ប្រចាំកម្ពុជា លោកស្រី Vladanka Andreeva បានមានប្រសាសន៍ថា អង្គការ UN ប្រចាំកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថា ប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ជាពិសេសក្នុងការអប់រំប្រកបទៅដោយសមធម៌ ដោយលោកស្រីបានលើកទឹកចិត្តឱ្យយុវជនកុំបញ្ឈប់ការសិក្សាត្រឹមកម្រិតនេះ តែត្រូវខិតខំបន្តឆ្ពោះទៅមុខបន្ថែមទៀត។

គួរបញ្ជាក់ថា កម្មវិធី DEY III គឺជាគំនិតផ្តួចផ្តើមរួមរវាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) ដែលបានគាំទ្រយុវជនជាង ៣០ ០០០នាក់ ជាពិសេសយុវជនមកពីក្រុមងាយរងគ្រោះ ក្នុងការទទួលបានឱកាសអភិវឌ្ឍជំនាញ ការងារ និងសហគ្រិនភាព ព្រមទាំងពង្រឹងគោលនយោបាយ និងប្រព័ន្ធលើកកម្ពស់ការងារសមរម្យនៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង