ភ្នំពេញ៖ វេទិកាអនាគត(Future Forum) ជ្រើសរើសយុវជនចំនួន ២០នាក់ចូលរួមធ្វើជាអ្នកស្រាវជ្រាវលើគោលនយោបាយដូចជា គោលនយោបាយអាកាសធាតុ និងបរិស្ថាន និងគោលនយោបាយទឹក និងចំណីអាហារ ចាប់ពីខែមិថុនា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៧។ កម្មវិធីនេះ នឹងបិទទទួលពាក្យនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការរបស់វេទិកាអនាគត យុវជនដែលត្រូវបានជ្រើសរើសនឹងទទួលបានអត្ថប្រយោជន៍ដូចជា ទទួលបានការបណ្តុះបណ្តាលផ្ទាល់ទាក់ទងនឹងការពង្រឹងជំនាញស្រាវជ្រាវ និងវិភាគគោលនយោបាយប្រចាំខែ និងការណែនាំអំពីរបៀបរៀបចំប្រធានបទ ដោយផ្តោតលើគន្លឹះបួនដូចជា ការវិភាគ និងព្យាករណ៍អំពីគោលនយោបាយនាពេលអនាគត វិធីសាស្រ្តស្រាវជ្រាវ ទំនាក់ទំនងគោលនយោបាយ និងការតស៊ូមតិ និងវិទ្យាសាស្ត្រទិន្នន័យ។ យុវជននឹងទទួលបានការពិភាក្សា និងកែលម្អលើការស្រាវជ្រាវគោលនយោបាយជារៀងរាល់ពីរសប្តាហ៍ម្តង។បន្ថែមពីនេះ យុវជន ក៏ទទួលបានការគាំទ្រហិរញ្ញវត្ថុក្នុងការផលិតសេចក្តីសង្ខេបគោលនយោបាយ ដឹកនាំសកម្មភាពនានារបស់វេទិការអនាគត និងអាចចូលប្រើប្រាស់បរិវេនរបស់វេទិកាអនាគតបានផងដែរ។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យបេក្ខជនត្រូវគោរពតាមលក្ខខណ្ឌដូចជា ពលរដ្ឋខ្មែរដែលមានអាយុចន្លោះពី២២ ដល់៣៥ឆ្នាំដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬអនុបណ្ឌិត ឬជាបេក្ខជនដែលមានបទពិសោធន៍វិជ្ជាជីវៈទាក់ទងនឹងការស្រាវជ្រាវផ្នែកគោលនយោបាយ ព្រមទាំងមានចំណាប់អារម្មណ៍ខ្លាំងចំពោះការស្រាវជ្រាវគោលនយោបាយ មានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាអង់គ្លេស រួមទាំងអាចចូលរួមវគ្គសិក្សាទាំងអស់ចាប់ពីខែមិថុនា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៧។
គួរបញ្ជាក់ថា បេក្ខជនមានចំណាប់អារម្មណ៍អាចចូលទៅកាន់ គេហទំព័រ ដើម្បីទទួលបានព័ត៌មានបន្ថែម និងដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦៕