បាងកក៖ ស្ថានទូតចិនប្រចាំប្រទេសថៃ កាលពីថ្ងៃទី១៩ ខែឧសភានេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះករណីពលរដ្ឋចិនត្រូវបានក្រុមឧក្រិដ្ឋជនឃុំខ្លួន និងជំរិតទារប្រាក់ដោយខុសច្បាប់ នៅក្នុងខេត្តស្រះកែវ ប្រទេសថៃ។ ភ្លាមៗនោះ ភាគីស្ថានទូតបានទាក់ទងទៅកាន់អាជ្ញាធរពាក់ព័ន្ធរបស់ថៃ ដើម្បីតាមដានស្ថានការណ៍ និងធ្វើអន្តរាគមន៍ជួយសង្គ្រោះ។
យោងតាមសេចក្ដីប្រកាសពីស្ថានទូតចិន បានជម្រុញឱ្យភាគីថៃ បើកការស៊ើបអង្កេតមួយដោយស្របច្បាប់ យុត្តិធម៌ និងមានតម្លាភាព ដើម្បីស្វែងរកការពិតនៃករណីនេះឱ្យបានឆាប់រហ័ស ព្រមទាំងនាំខ្លួនជនល្មើសនិងអ្នកពាក់ព័ន្ធទាំងអស់ មកផ្ដន្ទាទោសតាមច្បាប់ឱ្យខានតែបាន។
ភាគីចិនក៏បានបង្ហាញក្តីសង្ឃឹមថា ប្រទេសថៃនឹងពង្រឹងការត្រួតពិនិត្យការអនុវត្តច្បាប់ និងការគ្រប់គ្រងសន្តិសុខសង្គមបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋចិនដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ ព្រមទាំងរក្សាបរិយាកាសល្អប្រសើរសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។
ជាចុងក្រោយ ស្ថានទូតចិនបានរំលឹកដល់ពលរដ្ឋចិនដែលកំពុងរស់នៅ ក៏ដូចជាអ្នកដែលមានគម្រោងធ្វើដំណើរមកកាន់ប្រទេសថៃ ឱ្យចូលរួមគោរពច្បាប់របស់ប្រទេសថៃយ៉ាងតឹងរ៉ឹង បង្កើនការប្រុងប្រយ័ត្នខ្ពស់ផ្នែកសន្តិសុខ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ៕