681 ezgif.com resize
Swift cc time

ថៃ ប្រកាសកាត់បន្ថយរយៈពេលស្នាក់នៅរបស់ជនបរទេសមកពីជាង ៩០ប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក សុរាស័ក្តិ ផាន់ចារើនវរៈគុល បានថ្លែងនៅថ្ងៃទី១៩ ខែឧសភានេះថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តលុបចោលគម្រោងស្នាក់នៅដោយមិនបាច់មានទិដ្ឋាការ (Visa-free) រយៈពេល ៦០ថ្ងៃ សម្រាប់អ្នកទេសចរមកពីជាង ៩០ប្រទេស ដោយប្តូរមកប្រើប្រាស់លក្ខខណ្ឌចាស់វិញ ដែលជាទូទៅអនុញ្ញាតឱ្យស្នាក់នៅបានត្រឹមតែប្រហែល ៣០ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់កាសែតខាវស៊ត។

ថ្លែងនៅឯវិមានរដ្ឋាភិបាល លោក សុរាស័ក្តិ បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីក៏បានព្រមព្រៀងលុបចោលការផ្តល់ឯកសិទ្ធិទិដ្ឋាការដែលអាចចូល-ចេញបានច្រើនដង (Multiple-entry visa) នៅក្រោមគម្រោងបច្ចុប្បន្ននេះផងដែរ ដើម្បីត្រឡប់ទៅអនុវត្តតាមបទប្បញ្ញត្តិមុនវិញ។ លោកបានពន្យល់បន្ថែមថា ស្ថាប័នពាក់ព័ន្ធនានានឹងត្រូវទទួលបានការជូនដំណឹងអំពីសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីនេះ មុនពេលដំណើរការអនុវត្តត្រូវចាប់ផ្តើម។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក សុរាស័ក្តិ ផាន់ចារើនវរៈគុល

គោលបំណងនៃការអនុម័តនេះ គឺដើម្បីពង្រឹងសន្តិសុខជាតិឡើងវិញ និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងលំហូរជនបរទេសឱ្យមានប្រសិទ្ធភាពជាងមុន បន្ទាប់ពីការវាយតម្លៃយ៉ាងម៉ត់ចត់លើផលប៉ះពាល់អវិជ្ជមានផ្នែកសេដ្ឋកិច្ច និងសន្តិសុខជាតិកន្លងមក ដែលបង្កឡើងដោយការបើកចំហខ្លាំងពេក។

លោក សុរាស័ក្តិ បានបន្តថា គណៈកម្មាធិការគោលនយោបាយទិដ្ឋាការនឹងពិនិត្យឡើងវិញនូវច្បាប់ទិដ្ឋាការចំពោះប្រទេសនីមួយៗ ដើម្បីកំណត់រកប្រភេទទិដ្ឋាការណាមួយដែលសមស្រប ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃទំនាក់ទំនង ទិន្នន័យសេដ្ឋកិច្ច និងកម្រិតហានិភ័យផ្នែកសន្តិសុខ។

យោងតាមការផ្លាស់ប្តូរថ្មីនេះ បណ្តាប្រទេសដែលធ្លាប់ទទួលបានការអនុញ្ញាតឱ្យចូលប្រទេសថៃដោយមិនបាច់មានទិដ្ឋាការរយៈពេល ៦០ថ្ងៃកាលពីឆ្នាំ ២០២៤ (ពោលគឺចាប់អនុវត្តជាផ្លូវការចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤) នឹងត្រូវត្រឡប់ទៅអនុវត្តតាមលក្ខខណ្ឌទិដ្ឋាការដើមវិញ ដែលមានន័យថា អ្នកទេសចរភាគច្រើននឹងត្រូវកំណត់រយៈពេលស្នាក់នៅត្រឹមប្រហែល ៣០ថ្ងៃដូចមុន លុះត្រាតែពួកគេបានដាក់ពាក្យស្នើសុំទិដ្ឋាការប្រភេទពិសេសផ្សេងទៀតជាមុនសិន៕

Khcct banner

អត្ថបទទាក់ទង