681 ezgif.com resize
Swift cc time

និស្សិតចំនួន ២៦ក្រុមចូលរួមប្រកួត នៅក្នុងកម្មវិធីយុវជន២១ (Youth21) ដើម្បីពង្រឹងចំណេះដឹងអាជីវកម្មឌីជីថល​

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី១៩ ខែឧសភា បានប្រកាសបើកវគ្គប្រកួតជម្រុះ ១០ក្រុមដំបូងនៃកម្មវិធីយុវជន២១ (Youth21) ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន៖ គំនិតវ័យក្មេង ការផ្លាស់ប្តូរពិត”។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយុវជនឱ្យមានចំណេះដឹងអំពីអាជីវកម្មឌីជីថល និងការច្នៃប្រឌិតក្នុងការបង្កើតគំនិតអាជីវកម្មសមស្របនឹងបរិបទសម័យថ្មី។

យោងតាមក្រសួងអប់រំ លោក សេរី ជំនះ រដ្ឋាលេខាធិកាក្រសួងអប់រំបានមានប្រសាសន៍ថាកម្មវិធីយុវជន២១ មិនត្រឹមតែជាវេទិកាប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសិក្សា និងបណ្តុះបណ្តាលសំខាន់មួយ សម្រាប់អភិវឌ្ឍជំនាញសតវត្សរ៍ទី២១ និងជំរុញឱ្យយុវជនបម្លែងគំនិតច្នៃប្រឌិតទៅជាសកម្មភាពជាក់ស្តែង ដើម្បីរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ បានអំពាវនាវឱ្យយុវជនទាំងអស់ប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ដើម្បីបង្ហាញសមត្ថភាព ការងារជាក្រុម និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។ ឯកឧត្តមបានបញ្ជាក់ថា «ភាពជោគជ័យរបស់យុវជនកើតចេញពីការខិតខំប្រឹងប្រែងដោយខ្លួនឯង មិនអាចវាស់ត្រឹមលទ្ធផលប្រកួតតែមួយមុខបានឡើយ»។

គួរបញ្ជាក់ថា កម្មវិធីប្រកួតជម្រុះនេះមានការចូលរួមពីលោកសេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ ថ្នាក់ដឹកនាំក្រសួងអប់រំ អគ្គនាយកដ្ឋានយុវជន នាយកដ្ឋានពាក់ព័ន្ធ តំណាងគ្រឹះស្ថានឧត្តមសិក្សា និងបេក្ខនិស្សិតសរុបប្រមាណ ៥០០នាក់។​ ក្នុងនោះ មានគ្រូដឹកនាំ និងបេក្ខនិស្សិតចូលរួមប្រកួតចំនួន ២៦ក្រុមដែលស្មើនឹង ១៨២នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ២៦ ហើយប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង