ភ្នំពេញ៖ ការចំណាយពេលពីរថ្ងៃដើម្បីជម្នះការឡើងភ្នំកៃឡាស់ ដល់កម្ពស់ ៥,៦៨០ ម៉ែត្រ នៅតំបន់ទីបេ នៃប្រទេសចិន បានធ្វើឱ្យកញ្ញា ច័ន្ទ ស្រីរ័ត្ន ទទួលបាននូវបទពិសោធន៍ និងមេរៀនជីវិតដ៏មានតម្លៃ។ អ្វីដែលរឹតតែពិសេស នៅពេលកញ្ញាបានឡើងទៅដល់ចំណុចនោះ អ្នកប្រចាំការនៅទីនោះបានប្រាប់ថា ពួកគេកម្របានជួបអ្នកឡើងភ្នំ ឬអ្នកទេសចរមកពីប្រទេសកម្ពុជាណាស់។
ភ្នំកៃឡាស់ មានទីតាំងស្ថិតនៅក្នុងតំបន់ទីបេ ប្រទេសចិន។ ភ្នំនេះមានកម្ពស់ ៦,៦៣៨ម៉ែត្រ ត្រូវបានចាត់ទុកជា «ភ្នំដ៏ពិសិដ្ឋ» ចំពោះសាសនាធំៗចំនួនបួន រួមមាន ព្រះពុទ្ធសាសនា ហិណ្ឌូសាសនា សាសនាចិន (Bon) និងសាសនាជេន (Jain) និងជាទីតាំងដែលគេជឿថាអាចលាងបាបកម្មបាន។ បើតាមជំនឿចិន ការឡើងភ្នំនេះ ប្រៀបដូចជាការលាងនូវបាបកម្មដែលបានសាងកន្លងមក និងចៀសឆ្ងាយពីទុក្ខវេទនា។ ជាពិសេស នៅឆ្នាំសេះ អ្នកដែលបានឡើងទៅដល់នឹងទទួលបានកុសលច្រើនជាងឆ្នាំផ្សេងទៀតផងដែរ។
កញ្ញា ច័ន្ទ ស្រីរ័ត្ន មានចំណូលចិត្តក្នុងការហាត់ប្រាណ Cardio និងលើកឧបករណ៍ហាត់ប្រាណធ្ងន់ៗ ក៏ប៉ុន្តែលើកនេះ ដោយសារតែមានក្តីស្រមៃ កញ្ញាបានប្តេជ្ញាចិត្តឡើងភ្នំនេះ ដល់ចំណុច ៥៦៨០ម៉ែត្រ ដែលជាចំណុចខ្ពស់បំផុតនៃផ្លូវដើរ។ ដោយមានជំនឿលើប្រពៃណី និងចង់សាងសិរីសួស្តីជូនគ្រួសារ កញ្ញាមានបំណងយករូបថតរបស់អ្នកមានគុណទៅដាក់នៅទីនោះ ព្រោះតាមជំនឿបុរាណចិនជឿថា ការនាំយករូបថតមនុស្សជាទីស្រឡាញ់ទៅដល់ទីនោះ នឹងធ្វើឱ្យពួកគេទទួលបានសេចក្តីសុខក្នុងជីវិត។
អំឡុងពេលឡើងភ្នំ កញ្ញាបានជួបនូវឧបសគ្គជាច្រើន ដែលមិននឹកស្មានថាខ្លួនអាចធ្វើបាន ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង ព្រមទាំងត្រូវស្ពាយនូវកាតាបសម្ភារៈមានទម្ងន់១០គីឡូ ដោយដំណើរថ្មើរជើងរយៈពេលពីរថ្ងៃ។ អ្វីដែលពិសេសជាងនេះ កញ្ញាត្រូវបំពាក់អុកស៊ីសែនជានិច្ចក្នុងពេលឡើងភ្នំនេះ ដោយសារតែរយៈកម្ពស់ខ្ពស់ ពិបាកដកដង្ហើម ត្រូវមានជំនួយអុកស៊ីសែន ទើបអាចបន្តដំណើរទៅដល់ចំណុចកំពូលនេះបាន។ កញ្ញាបានចុះមកដល់ក្រោមដោយសុវត្ថិភាព កាលពីថ្ងៃទី១៧ ឧសភា ២០២៦។
សម្រាប់កញ្ញា ស្រីរ័ត្ន ការសម្រេចបាននូវការធ្វើដំណើរលើកនេះមានអត្ថន័យធំធេងណាស់។ ដំបូងឡើយ កញ្ញាស្ទើរតែបោះបង់ព្រោះតែភាពភ័យខ្លាច ប៉ុន្តែដោយសារមានការតាំងចិត្តយ៉ាងមុតមាំតាំងពីនៅកម្ពុជា ទើបធ្វើឱ្យកញ្ញាបន្តដំណើរទៅមុខដោយមិនរួញរា។ កញ្ញាបានរៀបរាប់ទាំងមោទនភាពថា ថ្វីត្បិតតែការរៀបចំខ្លួនមិនបានល្អពេញ ១០០% តែវាជាមោទនភាពដ៏ធំធេងដែលបានទៅដល់គោលដៅដូចបំណង។
ជាការចែករំលែកបទពិសោធន៍ កញ្ញាបានណែនាំថា ប្រសិនបើមានអ្នកចង់ទៅឡើងភ្នំនេះ គួរត្រៀមសម្ភារៈឱ្យបានគ្រប់គ្រាន់ ជាពិសេសគឺបំពង់អុកស៊ីសែនបម្រុងឱ្យបានច្រើន ដើម្បីចៀសវាងបញ្ហាសុខភាពខ្វះអុកស៊ីសែន (Altitude Sickness)។ ក្រៅពីនេះ គួរយកដបទឹកក្ដៅរក្សាកម្ដៅ និងស្លៀកសម្លៀកបំពាក់ច្រើនជាន់ដើម្បីការពារភាពត្រជាក់។ អ្វីដែលសំខាន់បំផុត គឺត្រូវមានសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ ព្រមទាំងត្រូវតាមដានសុខភាពខ្លួនឯងឱ្យបានដិតដល់ ទាំងអំឡុងពេល និងក្រោយពេលត្រឡប់មកវិញ។
មេរៀនដ៏សំខាន់ដែលកញ្ញាទទួលបានពីដំណើរការនេះ គឺការស្គាល់ពីកម្លាំងរបស់ខ្លួនឯង ពេលហត់ត្រូវសម្រាក មិនត្រូវបង្ខំខ្លួនឯងហួសដែនកំណត់នោះទេ។ ការមានគោលដៅច្បាស់លាស់ នឹងផ្តល់កម្លាំងចិត្តឱ្យយើងបន្តដំណើរទៅមុខ ហើយទោះបីជាមានអ្នកដទៃដើរទៅដល់មុនក៏ដោយ ក៏មិនត្រូវមានអារម្មណ៍បាក់ទឹកចិត្តដែរ គឺត្រូវដើរទៅមុខតាមល្បឿន និងកម្លាំងដែលយើងអាចធ្វើទៅបាន៕