681 ezgif.com resize
Swift cc time

ឥណ្ឌូនេស៊ីបញ្ជាទិញយន្តហោះចម្បាំង និងដឹកជញ្ជូនសម្ភារៈយោធាជំនាន់ថ្មី ១១ គ្រឿង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់គ្រឿងយុទ្ធោបករណ៍យោធាទំនើបៗជូនដល់កងទ័ព ដែលរួមមានយន្តហោះចម្បាំង Rafale ផលិតនៅប្រទេសបារាំងចំនួន ៦គ្រឿង យន្តហោះ Dassault Falcon 8x ចំនួន ៤គ្រឿង និងយន្តហោះដឹកជញ្ជូនយុទ្ធសាស្ត្រ Airbus A400M Atlas ចំនួន ១គ្រឿង (អេស្បាញ)។ ការប្រគល់គ្រឿងបរិក្ខារទាំងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងតម្លៃ ៨,១ ប៊ីលានដុល្លារ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ ក្នុងគោលបំណងបញ្ជាទិញយន្តហោះចម្បាំង Rafale សរុបចំនួន ៤២គ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យការពារជាតិរបស់ឥណ្ឌូណេស៊ីឱ្យកាន់តែមានប្រសិទ្ធភាព។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA លោក ប្រាបូវ៉ូ បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពការពារជាតិគឺជាកិច្ចការចាំបាច់បំផុត ដើម្បីទុកជាការរារាំង និងការពារបូរណភាពទឹកដី ចំពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយសកលកំពុងប្រែប្រួល និងពោរពេញដោយភាពមិនប្រាកដប្រជា។ លោកបានបញ្ជាក់បន្ថែមថា ឥណ្ឌូណេស៊ីគ្មានបំណងអ្វីផ្សេងក្រៅពីការរក្សាស្ថិរភាព និងសន្តិសុខជាតិឡើយ ដោយលោកចាត់ទុកថា វិស័យការពារជាតិគឺជាលក្ខខណ្ឌចម្បងដែលមិនអាចខ្វះបានសម្រាប់ភាពរឹងមាំនៃប្រទេសជាតិ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចាត់ទុកការទិញគ្រឿងយុទ្ធោបករណ៍ទាំងនេះថាជា «ការវិនិយោគយុទ្ធសាស្ត្រ» ដើម្បីការពារអធិបតេយ្យភាព និងកិត្តិយសជាតិ ជាជាងគ្រាន់តែជាការលទ្ធកម្មអាវុធធម្មតា។ ក្នុងន័យនេះ លោក ប្រាបូវ៉ូ ក៏បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសបារាំង តាមរយៈការជួបពិភាក្សាជាមួយប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដើម្បីពង្រីកឧស្សាហកម្មការពារជាតិ និងកិច្ចសហការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

គួររំលឹកផងដែរថា លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ គឺជាអតីតឧត្តមសេនីយ៍យោធាម្នាក់ដែលបានឡើងកាន់អំណាចជាប្រធានាធិបតីឥណ្ឌូណេស៊ីទី៨ ក្នុងឆ្នាំ២០២៤។ ចាប់តាំងពីឡើងកាន់តំណែង លោកបានផ្ដោតអាទិភាពខ្ពស់លើការធ្វើទំនើបកម្មទ្រព្យសម្បត្តិយោធាដែលចាស់ៗរបស់ឥណ្ឌូណេស៊ី ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសន្តិសុខក្នុងតំបន់ និងសកលលោក។

Khcct banner

អត្ថបទទាក់ទង