ថៃ៖ លោក Poj Aramwattananont ប្រធានក្រុមប្រឹក្សាភិបាលពាណិជ្ជកម្ម និងជាប្រធានសភាពាណិជ្ជកម្មថៃ បានថ្លែងកាលពីថ្ងៃទី១៧ ខែឧសភាថា វិស័យឯកជនថៃបានដាក់សំណើទៅកាន់រដ្ឋាភិបាល ដោយជំរុញឱ្យចាត់ទុកបញ្ហាអំពើពុករលួយជា «របៀបវារៈជាតិ» និងបង្កើតមជ្ឈមណ្ឌលប្រឆាំងអំពើពុករលួយជាតិមួយ ដើម្បីដោះស្រាយបញ្ហាដែលចាក់ឫសយ៉ាងជ្រៅនេះឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពពិតប្រាកដ។
យោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Thai PBS លោក Poj បានបញ្ជាក់ថា ក្រៅពីមជ្ឈមណ្ឌលប្រឆាំងអំពើពុករលួយជាតិ វិស័យឯកជនថៃ ក៏បានស្នើឱ្យបង្កើតគណៈកម្មាធិការប្រឆាំងអំពើពុករលួយជាតិមួយ ដោយមានសមាសភាពមកពីគ្រប់វិស័យក្នុងសង្គម ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់អាចរួមកម្លាំងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លោកបន្ថែមថា ប្រទេសថៃត្រូវតែបង្ហាញដល់សហគមន៍អន្តរជាតិឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់អំពើពុករលួយ ដើម្បីគាំទ្រដល់ដំណើរការចូលជាសមាជិកនៃអង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) នាពេលខាងមុខ។
លោករៀបរាប់ថា វិស័យឯកជនថៃ ចង់ឃើញមានការកែទម្រង់លើវិស័យកសិកម្មទាំងមូល ក្នុងគោលបំណងបង្កើនទិន្នផល កាត់បន្ថយថ្លៃដើមផលិតកម្ម រក្សាស្ថិរភាពតម្លៃកសិផល និងលើកកម្ពស់ប្រាក់ចំណូលសម្រាប់គ្រួសារកសិករជាង ៣០លានគ្រួសារ តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា នវានុវត្តន៍ និងប្រព័ន្ធគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថា សំណើចាត់វិធានការអំពលពុករលួយនេះត្រូវបានលើកយកមកពិភាក្សាក្នុងអំឡុងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រី លោក អនុទីន ចាន់វីរៈគុល និងថ្នាក់ដឹកនាំកំពូលៗមកពីក្រុមហ៊ុនឯកជនថៃ នៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅ ក្រោយពេលមានការរិះគន់ជាបន្តបន្ទាប់ពីសំណាក់គណបក្សប្រឆាំងធំជាងគេរបស់ថៃ គឺគណបក្សប្រជាជន (People's Party) ដែលធ្លាប់បានផ្ញើសារព្រមានចំៗទៅកាន់លោក អនុទីន ឱ្យធ្វើការបោសសម្អាតផ្ទះខ្លួនឯង ពោលគឺដោះស្រាយបញ្ហផ្ទៃក្នុងជាតិ ឱ្យបានស្អាតស្អំជាមុនសិន៕