ចិន៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន នឹងទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅដើមសប្តាហ៍ក្រោយ ដោយក្នុងដំណើរទស្សនកិច្ចរបស់លោកខាងមុខនេះត្រូវបានវិមានក្រឹមឡាំងបញ្ជាក់ថាប្រធានាធិបតីទាំងពីរ មានគម្រោងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីររួមមានបញ្ហាអន្តរជាតិ និងប្រធានបទសំខាន់ជាច្រើនទៀត។ ដំណើរទស្សនកិច្ចនេះ ស្របពេលជាមួយនឹងខួបលើកទី ២៥ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាពចិន-រុស្ស៊ី ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០១។
បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានអះអាងលោកលោកប្រធានាធីបតីរុស្ស៊ីនឹងទៅបំពេញទស្សនកិច្ចនៅថ្ងៃច័ន្ទទី ២៥ ខែ ឧសភា នៅសប្តាហ៍ក្រោយនេះ ដែលនឹងជជែកគ្នាអំពីទំនាក់ទំនងទ្វេភាគី បញ្ហាក្នុងតំបន់ និងអន្តរជាតិ។ លោកបន្តថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី ស៊ី ជីនពីង និងប្រធានាធិបតី ពូទីន ភាពជាដៃគូសម្របសម្រួលជាយុទ្ធសាស្ត្រទូលំទូលាយរវាងចិន និងរុស្ស៊ីសម្រាប់យុគសម័យថ្មី បានអភិវឌ្ឍក្នុងលក្ខណៈមានសុខភាពល្អ ស្ថិរភាព និងស៊ីជម្រៅ ដោយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកំពុងពង្រីកឥតឈប់ឈរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបន្ថែមទៀតថាឆ្នាំនេះគឺជាខួបលើកទី ៣០ នៃការបង្កើតភាពជាដៃគូសម្របសម្រួលជាយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី ខួបលើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាអ្នកជិតខាងល្អ និងសហប្រតិបត្តិការមិត្តភាពរវាងចិន និងរុស្ស៊ី ហើយវាក៏ជាឆ្នាំបើកសម្ពោធនៃឆ្នាំអប់រំចិន-រុស្ស៊ី។
គួររម្លឹកថាលោកពូទីន បានទៅទស្សនកិច្ចប្រទេសចិនលើកចុងក្រោយក្នុងខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន ទស្សនាក្បួនដង្ហែរយោធាដើម្បីអបអរសាទរខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ និងជួបពិភាក្សាជាមួយលោកស៊ី។ នៅពេលនោះ លោកស៊ី បានហៅលោកពូទីនថាជា «មិត្តចាស់» ខណៈដែលលោកពូទីន បានហៅលោកស៊ីថាជា «មិត្តជាទីស្រឡាញ់»៕