681 ezgif.com resize
Swift cc time

រញ្ជួយដីកម្រិត ៥,២ រិចទ័រ វាយប្រហារមីយ៉ាន់ម៉ា ដល់ទីក្រុងយ៉ាន់ហ្គូន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

មីយ៉ាន់ម៉ា៖ នាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់មីយ៉ាន់ម៉ា បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតមធ្យម ៥,២ រិចទ័រ បានអង្រួនប្រទេសមីយ៉ាន់ម៉ា កាលពីវេលាម៉ោងប្រហែល ៨:៣៥ នាទីព្រឹកថ្ងៃច័ន្ទនេះ ដោយបានបង្កឱ្យមានរលកញ័ររញ្ជួយយ៉ាងខ្លាំង ដែលអាចដឹងបានយ៉ាងច្បាស់នៅក្នុងទីក្រុងយ៉ាន់ហ្គូន (Yangon) ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំរបស់ប្រទេស។ នេះបើតាមការចេញផ្សាយរបស់កាសែតThe Star។

ទីក្រុងយ៉ាន់ហ្គូន

មន្រ្តីជំនាញឧតុនិយម បានពន្យល់ថា ចំណុចរញ្ជួយចំកណ្តាល (Epicenter) ស្ថិតនៅកូអរដោនេ ១៦,៥១ ដឺក្រេ រយៈទទឹងខាងជើង និង ៩៦,៣៤ ដឺក្រេ រយៈបណ្តោយខាងកើត ដែលមានចម្ងាយប្រហែល ១៤,៥ គីឡូម៉ែត្រ ខាងត្បូងទីប្រជុំជន Kyauktan និងមានជម្រៅញ័ររញ្ជួយក្នុងដីជម្រៅ ៤០ គីឡូម៉ែត្រ។

ដោយឡែក មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ (GFZ) ក៏បានរាយការណ៍ផងដែរថា គ្រោះរញ្ជួយដីមួយទៀតដែលមានកម្រិតរហូតដល់ ៥,៣ រិចទ័រ បានអង្រួនតំបន់ក្បែរឆ្នេរខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោង ០២:០៥ នាទី GMT (ត្រូវនឹងម៉ោងប្រហែល ៨:៣៥ នាទីព្រឹក ម៉ោងនៅក្នុងប្រទេសមីយ៉ាន់ម៉ា) នាថ្ងៃច័ន្ទនេះ។

គិតមកទល់ពេលនេះ អាជ្ញាធរមូលដ្ឋានមិនទាន់ទទួលបានរបាយការណ៍ណាមួយ អំពីការខូចខាតទ្រព្យសម្បត្តិ ឬមានប្រជាពលរដ្ឋរងគ្រោះថ្នាក់ និងបាត់បង់ជីវិតនៅឡើយទេ។ តាមទិន្នន័យបឋម គ្រោះរញ្ជួយដីកម្រិតមធ្យមនេះ គឺបណ្តាលមកពីចលនារំកិល និងការប៉ះទង្គិចគ្នានៃស្រទាប់ផែនដី (Tectonic plates) នៅតំបន់ក្បែរខ្សែបាក់ស្រុតសកម្ម (Active fault lines) នៃឆ្នេរខាងត្បូងប្រទេសមីយ៉ាន់ម៉ា ដែលជាតំបន់តែងតែរងសម្ពាធភូគព្ភសាស្ត្រជាប្រចាំ៕

Khcct banner

អត្ថបទទាក់ទង